ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង ប៊ូយ៉ុងគ្រុប (Booyoung Group) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីគាំទ្រ និងធ្វើសកម្មភាព មនុស្សធម៌ ក្នុងការជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹម ចំពោះប្រជាពលរដ្ឋនៅ ទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ ។
លោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប (Booyoung Group)បានមានប្រសាសន៍ថា ដោយមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) ប៊ូយ៉ុងគ្រុប (Booyoung Group) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួម សកម្មភាពមនុស្សធម៌ជាមួយ TYDA ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹម ចំពោះប្រជាពលរដ្ឋនៅ ទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ ។
លោក Shin Hyun-Suk ក៏បានបរិច្ចាកថវិកា និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះប៊ូយ៉ុងគ្រុប(Booyoung Group) ក៏បានចូលរួម លើកស្ទួយសេដ្ឋកិច្ចជាតិ របស់កម្ពុជាផងដែរ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើន ក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា(MOU) គឺបានបង្ហាញនូវ ការគាំទ្រ និងចូលរួមសកម្មភាព មនុស្សធម៌ជាមួយ TYDA ដែលមានបេសកកម្មនៅក្នុង ការបន្តផ្ដល់នូវការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយសហការ និងគាំទ្រដោយក្រសួងសុខាភិបាល អង្គការដៃគូ និងសប្បុរសជនជាច្រើន។
លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិត ថ្លៃនេះមិនត្រឹមតែព្យាបាល ជំងឺជូនពួកគាត់ប៉ុណ្ណោះទេគឺ ផ្ដល់ទាំងស្នាមញញឹម និងក្តីសង្ឃឹសម្រាប់គ្រួសារ គាត់ទាំងមូល។ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប៊ូយ៉ុងគ្រុប (Booyoung Group) ដែលមានទំនុកចិត្តនៅក្នុងការ បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស កម្ពុជា ហើយបានចូលរួមចំណែក ផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ជាច្រើនសម្រាប់ ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា TYDA និងប៊ូយ៉ុងគ្រុប បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាព មនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយ បេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប (Booyoung Group)៕