នយោបាយ

អូស្រ្តាលីបន្តពង្រឹង កិច្ចសហប្រតិបត្តិការ និងបន្តគំាទ្រដល់ការ អភិវឌ្ឍន៍របស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោកស្រីអានជីឡា ខូកូរ៉ាន់ ( Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងអូស្រា្តលី ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ហើយប្រទេសអូស្រ្តាលី នៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ទៅមុខទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន។

នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី អានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ចាប់តាំងពីឆ្នាំ១៩៩៣ មកអូស្រ្តាលីបានចូលរួមចំណែកអភិវឌ្ឍន៍ នៅកម្ពុជាជាច្រើនវិស័យ មានការអប់រំ កសិកម្ម សុខាភិបាល និងការបោសសំអាតមីន ជាដើម។ កម្ពុជានិងអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការល្អ ជាមួយក្នុងការប្រយុទ្ធប្រឆំាងអំពើភេវរកម្មនានា ដូចការជូញដូរមនុស្ស និងគ្រឿងញៀនជាដើម។

លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន២៩០០នាក់។ ក្នុងនោះនិស្សិតកម្ពុជាចំនួន៩៩៤នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី។

លោកស្រីអានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសអូស្រ្តាលី បន្តគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅ លើគ្រប់វិស័យ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ខាងនេះអូស្រ្តាលីនឹងខិតខំជំរុញឲ្យមានដំណើរ ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់តំណាងរាស្រ្តវ័យក្មេង កម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី។
ប្រទេសអូស្រា្តក៏បានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាននៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) របស់សម្តេចប្រធានរដ្ឋសភានិងគណៈ ប្រតិភូសភាកម្ពុជា ក្នុងប្រទេសអូស្រ្តាលី នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះផងដែរ។

សម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ លោកស្រីអានជីឡា ខូកូរ៉ាន់ ដែលបានរួម ចំណែកដល់កា របន្តថែរក្សាទំនាក់ទំនង មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្រ្តាលី ឲ្យមានការ រីកចម្រើនថែមមួយកម្រិតទៀត។

សម្តេចជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកជំទាវស្នាក់នៅកម្ពុជា លោកជំទាវពិតជា បានឃើញជាក់ស្តែងនូវការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការពិតនៅកម្ពុជា ដែលផ្ទុយពីការបំពងសម្លេង ពីខាងក្រៅ ដើម្បីកេងចំណេញប្រយោជន៍នយោបាយ បុគ្គលមួយចំនួនតូច។
សម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបីលោកស្រីអានជីឡា ខូកូរ៉ាន់ បានចប់បេសកកម្មនៅកម្ពុជា តែលោកជំទាវនៅតែមនោសញ្ចេតនា និងទំនាក់ទំនងល្អជា មួយប្រជាជាតិកម្ពុជាជានិច្ច៕

To Top