ព័ត៌មានជាតិ

កម្លាំងនគរបាល រាជធានីភ្នំពេញ ជិត១ពាន់នាក់ នឹងប្រមូលផ្តុំទ្រង់ទ្រាយធំ ការពារសុវត្ថិភាព ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រជុំអាស៊ី-អឺរ៉ុប

ភ្នំពេញ ៖ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ជាង៨០០នាក់ បានប្រមូលផ្តុំជាទ្រង់ទ្រាយធំ ទទួលផែនការ និងបទបញ្ជាពីថ្នាក់លើ ដើម្បីចេញប្រតិបត្តិការ ពង្រឹងសន្តិសុខ ថែរក្សាសុវត្ថិភាពប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗ មកពីបណ្តាប្រទេសនានា ជុំវិញពិភពលោក ក្នុងគ្រាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ និងកិច្ចប្រជុំផ្សេងៗទៀត នៅពេលឆាប់ៗខាងមុខ ។ នេះបើតាមការផ្សព្វផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងពិធីគោរទង់ជាតិ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានរំលឹកកងកម្លាំង ក្រោមឱវាទទាំងអស់ត្រូវប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ហើយត្រូវមានមុខប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីសហការចេញដោះស្រាយ សភាពការណ៍សន្តិសុខ និងការចេញជួយសង្គ្រោះប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗទៀត ។

លោកថា ជាពិសេសធានាឲ្យបានសុវត្ថិភាព គ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូល ទាំងនៅក្នុងប្រទេស និងថ្នាក់ដឹកនាំកំពូល បណ្តាប្រទេសជាអន្តរជាតិ។ ក្នុងកិច្ចការងារការពារសន្តិសុខ ឲ្យរឹងមាំនេះផងដែរ លោកក៏បានរំលឹកថា ត្រូវតែទាមទារ មានកម្លាំងគ្រប់គ្រងក្នុងដៃគ្រប់គ្រាន់ នៅពេលមានសភាពការណ៍ណាមួយកើតឡើង កម្លាំងត្រូវចេញប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយសភាពការណ៍ ទាន់ពេលវេលា ។

អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ ឱ្យបានម៉ឺងម៉ាត់ ទាំងស្លៀកពាក់ឯកសណ្ឋានសមរម្យ ការគោរពថ្នាក់ដឹកនាំ និងគោរពអនុវត្តបទបញ្ជាថ្នាក់លើ។ ចៀសវាងធ្វើសកម្មភាពទាំងឡាយណា ខុសពីវិន័យកងកម្លាំងនគរបាលជាតិ និងខុសគោលការណ៍ច្បាប់ ៕

To Top