ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់នៅក្នុង ទឹកត្រពាំងដោយសារ អ្នកបើកត្រាក់ទ័រ បើកកិន

ស្វាយរៀង ៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញស្លាប់នៅក្នុងទឹក ត្រពាំងមួយកន្លែងដោយខ្លួន ប្រាណសាកសពមានស្នាមបែក លលាដ៍ក្បាលនិងបាក់ថ្គាមទាំងសង ខាងដោយសារត្រាក់ទ័រ បើកកិនហើយនៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ម្នាក់មកសួរនាំរួមនិងត្រាក់ទ័រមួយគ្រឿង។

ករណីប្រទះ ឃើញសាកសពបុរសខាងលើនេះ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ដោយបានទទួលព័ត៌មានតាមរយះទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ កុយ សារ៉េន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាស្មៀនឃំុពពែត បានរាយការណ៍មកសមត្ថកិច្ចថានៅចំណុចត្រពាំងតាពៅ ស្ថិតក្នុងភូមិស្វាយគយ ឃំុពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមនុស្សស្លាប់នៅក្នុងទឹកត្រពាំង ក្បែរកន្លែងត្រាក់ទ័រភ្ជួរដីស្រែ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងបានដឹក នាំកម្លាំងជំនាញសហការ ជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយ ទាបនិងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀងបាន ចុះពិនិត្យដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សាកសពដែលស្លាប់គឺមានឈ្មោះ ផៃ ផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័យឃើញថា ​នៅលើខ្លួនប្រាណ សាកសពមានស្នាមបែកលលាដ៍ក្បាល និងបាក់ថ្គាមទាំងសងខាង។

ហើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជំនាញខេត្តនិងគ្រូពេទ្យកោសល្យវិច័យ បញ្ជាក់ថា សាកសពអាចស្លាប់ដោយ សារអ្នកបើកត្រាក់ទ័រភ្ជួរដីកិន ខណៈពេលដែលជនរងគ្រោះកំពុង ធ្វើម្លុងនៅមាត់ត្រពាំង។

បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដីនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នោះដើម្បីសាកសួរ តែឈ្មោះង្វៀង ជីតាំ បានរត់គេចខ្លួនបាត់។ រហូតដល់ម៉ោង៥និង០០នាទីថ្ងៃទី៩ខែធ្នូនេះ ទើបសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញឈ្មោះង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះង្វៀង ជីតាំ បានឆ្លើយសារភាពថា នៅពេលខ្លួនថយត្រាក់ទ័រចូលទៅ ក្នុងបឹងដើម្បីភ្ជួរដីមាត់បឹងនោះ មិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវ ត្រាក់ទ័រកិនស្លាប់ទៅហើយ៕

To Top