ព័ត៌មានជាតិ

អាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនចោរ លួច ២នាក់ ទៅតុលាការ!

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅទី១០ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចទូរស័ព្ទ)។

ជនសង្ស័យ ១/ ឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ ២៤ឆ្នាំ ,២/ ឈ្មោះ ថោង រតនា ហៅម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៧:៥០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច មុខផ្ទះលេខ១៧១ ផ្លូវ២៨២ កែងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីពួកគេទាំង ២នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 6 ពណ៍ខ្មៅ របស់ប្រជាពលរដ្ឋ ដែលដាក់សាកថ្ម នៅហាងលក់កាហ្វេចំណុចខាងលើ តែត្រូវបានម្ចាស់ទូរស័ព្ទដឹងខ្លួនទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានដេញតាមចាប់ពួកគេ ភ្លាមនោះពួកគេបានយកកាំបិត ចុងស្រួចមួយ ដែលទុកជាប់ខ្លួន បំរុងចាក់លើ ប្រជាពលរដ្ឋដែលនៅក្បែរនោះ តែត្រូវបានកម្លាំងល្បាត អាវុធហត្ថបឹងកេងកង ចុះទៅទាន់ ក៏ធ្វើការ ឃាត់ខ្លួនទាំង០២នាក់ តែម្តង។

តាមចម្លើយសារភាពនៅចំពោះមុខ សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង២នាក់ បានប្រាប់ឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៥ ពួកគេធ្លាប់ជាប់ មណ្ឌលកែប្រែ ព្រៃស្ពឺ រយៈពេល ៦ខែ ដោយសាររូបគេ ហិតកាវ ជារៀងរាល់ថ្ងៃ លុះចេញពីមណ្ឌលមកវិញ ពួកគេទាំង ២នាក់ បានទាក់ទងដើរជាមួយគ្នា ដើម្បីធ្វើសកម្មភាព លួចសម្ភារៈ មានតម្លៃរបស់ ប្រជាពលរដ្ឋជាប្រចាំ និង ប្រើប្រាស់គ្រឿងញៀន ជាមួយគ្នា រយៈពេល១ឆ្នាំ កន្លងមកហើយ រាល់ពេលចេញធ្វើសកម្មភាពលួច ពួកគេតែងដាក់កាំបិតចុងស្រួច ទុកជាប់ខ្លួនរហូត ទុកសម្រាប់ គម្រាមម្ចាស់របស់ ពេលណាដែលម្ចាស់តាមទាន់៕

To Top