ព័ត៌មានជាតិ

កូរ៉េ បន្តជួយកម្ពុជា លើការពង្រឹងសុវត្ថិភាព និងសុខភាពការងារ រយៈពេល៣ឆ្នាំទៀត

ភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការ ជួយពង្រឹងសុវត្ថិភាព និងសុខភាពការងារ ជាមួយកម្ពុជា ជាលើកទី៤ រយៈពេល៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន៣លើកមកហើយ តាំងពីឆ្នាំ២០១០។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងការងារ។

ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើង រវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ក្រោយបញ្ចប់កិច្ចចុះ ហត្ថលេខានេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា គោលបំណងនៃការអនុវត្តកិច្ច សហប្រតិបត្តិការ ស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះ ដើម្បីគាំទ្រនិងកសាងសមត្ថភាពកម្ពុជា ក្នុងវិស័យសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងរួមចំណែក ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត នៃប្រទេសទាំងពីរផងដែរ ។

បើតាមលោក ឡេង តុង ក្នុងការអនុវត្តគម្រោង៣លើក កន្លងមក ភាគីទាំងពីរក៏បាន បញ្ជូនអ្នកជំនាញ និងបណ្ដុះបណ្ដាល ជនបង្គោលទៅវិញទៅមក ផងដែរ។

លោកបន្តថា ទីភ្នាក់ងារ KOSHA មួយនេះបានជួយកម្ពុជាច្រើនដូចជា៖
១. ការពង្រឹងសមត្ថភាព មន្ត្រីទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈការដកស្រង់ស្តីពីសុខភាព និងសុវត្ថិភាពការងារ នៅសាធារណរដ្ឋកូរ៉េ។
២. ការបញ្ជូនអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាព មកបណ្តុះបណ្តាលមន្ត្រីផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា។
៣. ការរៀបចំផលិតខិតប័ណ្ណណែនាំ ស្លាកសញ្ញាដើម្បីផ្សព្វផ្សាយ និងលើកការយល់ដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិតនៅកន្លែងធ្វើការ។
៤. ចែករំលែកព័ត៌មាន ឯកសារបច្ចេកទេស និងឧបករណ៍ពាក់ព័ន្ធសុវត្ថិភាព និងសុខភាពការងារ ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕ ដោយ៖ បាន ធារ៉ូ

To Top