ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសាធារណការ ៖ មានរថយន្ដ៣០ម៉ឺនគ្រឿង ហួសសពុលភាពឆៀក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅកម្ពុជានាពេលបច្ចុប្បន្ន មានរថយន្ដប្រមាណជា៣០ម៉ឺនគឿង បានហួសសពុលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ដូច្នេះម្ចាស់រថយន្ដទាំងនោះ ត្រូវយករថយន្ដមកឆៀកឲ្យបានត្រឹមត្រូវ ។

សព្វថ្ងៃនេះ មជ្ឈមណ្ឌល ឆៀក រថយន្ដនៅកម្ពុជា មាន១៥កន្លែង រួមមាន ៖ ៥កន្លែង នៅរាជធានីភ្នំពេញ ១កន្លែងទៀតក្រុមហ៊ុនកូរ៉េ កំពុងសាង់សង ។ ចំណែក ៩កន្លែងទៀត នៅតាមបណ្ដាខេត្ត ដូចជា ៖ ខេត្តកំពង់ឆាំង បាត់ដំបង សៀមរាប ព្រះវិហារ ក្រចេះ រតនគីរី កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង ក្នុងនោះ ក៏មានរថយន្ដឆៀកចល័ត៤គ្រឿងផងដែរ។

ក្នុងពិធីដាក់សម្ពោធ ឲ្យប្រើប្រាស់មជ្ឈមណ្ឌល ឆៀក ខណ្ឌឬស្សីកែវ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា មន្ដ្រីឆៀករថយន្ដត្រូវ ឲ្យមានតម្លាភាពដាច់ខាត មិនត្រូវយកថវិកាក្រៅពីម្ចាស់រថយន្ដ ដើម្បីឲ្យរថយន្ដនោះ ចេញសញ្ញាត្រឹមត្រូវ បើធ្វើរបៀបនេះ មន្ដ្រីឆៀក នឹងទទួលទោសចំពោះមុខច្បាប់។

លោកមានប្រសាសន៍ថា “យើងឆៀករថយន្ដ ក្នុង១ឆ្នាំៗប្រហែល ៣០ម៉ឺនគ្រឿង ។ បើមកដល់នេះ យើងមើលស្ថិតិតាមប្រព័ន្ធទិន្ន័យរបស់ ក្រសួងសាធារណការនៅ៣០ម៉ឺនគ្រឿងទៀត ដែលហួសសពុលភាព ហើយមិនទាន់បានឆៀកនៅឡើយទេ” ។

លោកក៏បានអំពាវនាវ ឲ្យទៅដល់ម្ចាស់រថយន្ដមិនទាន់មកឆៀក ត្រូវយករថយន្ដមកឆៀក ឲ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ នគរបាលមានសិទ្ធិចាប់រថយន្ដណា មិនទាន់មកធ្វើឆៀក។ លោកថា ការឆៀករថយន្ដត្រឹមត្រូវ នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ ។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីសាធារណការ លើកឡើងថា ក្រសួងនឹងចាត់វិធានតឹងរឹង ចំពោះម្ចាស់ស្ថានីយថ្លឹងរថយន្ដណា ប្រព្រឹត្តិអំពើខុសច្បាប់។ រដ្ឋមន្ដ្រី រំលឹកថា កាលពីថ្ងៃទី១១ ធ្នូ ក្រសួងក៏បានអញ្ជើញ ម្ចាស់ស្ថានីយថ្លឹងរថយន្ដទាំងអស់ មកស្ដាប់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីឲ្យពួកគាត់អនុវត្តត្រឹមត្រូវ ៕ ដោយ៖ អេង ប៊ូឆេង

To Top