ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីការតែងតាំង ផ្អែកលើសមត្ថភាព និងសាមគ្គីផ្ទៃក្នុង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងពិធីប្រកាសតែងតាំងមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល, ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

លោក បន្ថែមថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគពិសេស ព្រមទាំងគ្រប់បណ្តាកងឯកភាពចំណុះ និងដោយឡែកតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រមូលផ្តុំអនុវត្តតួនាទី និងភារកិច្ច សម្រេចបានស្នាដៃ និងលទ្ធផលការងារស្នូលសំខាន់ៗជាច្រើន ធានាបាននូវប្រៀបការពារជាតិ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា «ការជ្រើសរើសថ្នាក់ដឹកនាំអង្គភាព ពោលគឺមេបញ្ជាការ ឬនាយសេនាធិការ បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ហើយមិនមែនជាការផ្ទេរសិទ្ធអំណាចនោះទេ ប៉ុន្តែជាការផ្ទេរការទទួលខុសត្រូវបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ។ ដូច្នេះការដំឡើងឋានៈ និងតែងតាំងមុខងារ កម្រិតថ្នាក់បញ្ជាការនេះ គឺជាការសម្រេចដោយ ឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោក ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសការវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ ភាពតស៊ូអំណត់ព្យាយាម និងឥរិយាបទទទួលខុសត្រូវ ចំពោះការងាររបស់សាមីខ្លួននីមួយៗ»។

លោកសូមផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយត្រូវយកចិត្តទុកដាក់អនុវត្តការងារដឹកនាំគ្រប់គ្រងកម្លាំងឱ្យបានល្អ ចាត់តាំងប្រគល់ភារកិច្ចឱ្យសមស្របតាមជំនាញ ហើយក៏ត្រូវពង្រឹងផងដែរលើការងារហ្វឹកហ្វឺន, ការងារបច្ចេកទេស, ការលើកស្ទួយជីវភាព និងសុខមាលភាពកងទ័ព, និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។

លោកបន្តថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកគិតគូរ និងដោះស្រាយគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកិត្តិយសនៃការបំពេញតួនាទី និងភារកិច្ចបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ជាក់ស្តែង ឆ្លងតាមដំណើរការ នៃការជ្រើសរើសយោធិនសព្វថ្ងៃនេះ មជ្ឈដ្ឋានមហាជន បានចាប់អារម្មណ៍ជាខ្លាំងលើការស្នើសុំ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់ អំពីការយល់ដឹង, ការគោរពស្រឡាញ់ និងការឱ្យតម្លៃលើកិត្តិយស និងសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់កងទ័ព ចំពោះជាតិមាតុភូមិ ជាតួនាទីប្រកបដោយការលះបង់ និងការទទួលខុសត្រូវចំពោះអាយុជីវិតប្រជាជន និងជោគវាសនាប្រទេសជាតិ ដោយប្រើប្រាស់ចំណេះដឹង ជំនាញដឹកនាំ, ចំណេះដឹងយុទ្ធសាស្ត្រ ចំណេះដឹងយុទ្ធវិធី ដែលទទួលបានពីការអប់រំហ្វឹកហ្វឺនដ៏ហ្មត់ចត់បំផុត។

To Top