ព័ត៌មានជាតិ

អភិបាលរង ខេត្តកំពង់ឆ្នាំង ចេញមុខអះអាងថា មិនមានការកាត់ដី ៤០ហិកតា ឲ្យជនអន្តោប្រវេសន៍ វៀតណាមឡើយ (វីដេអូ)

ភ្នំពេញ៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ បម្លាស់ទីផ្ទះទឹក បានបញ្ជាក់ច្បាស់ថា ផែនការបម្លាស់ទីពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹក លើផ្ទៃបឹងទន្លេសាប ឡើងមករស់នៅលើដីគោក ទំហំប្រមាណ ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង គឺមិនមានការកាត់ដី ឲ្យជនអន្តោប្រវេសន៍ វៀតណាមនោះឡើយ ។

ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលស្តីពី ផែនការបម្លាស់ទីប្រជាពលរដ្ឋ រួមមាន វៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះ បណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែធ្នូនេះ លោក ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាប់ផ្តើម ផែនការបំម្លាស់ទីពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ ៤០ហិកតា ក្នុងគោលបំណង ថែរក្សាទន្លេសាប, ថែរក្សាបរិស្ថានទឹក, ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ និងការយកចិត្តទុកដាក់ទាំងផលប្រយោជន៍ និងបញ្ហាប្រឈមនានា ដែលនាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ ។

លោកអភិបាលរង ខេត្តកំពង់ឆ្នាំងបន្តថា ក្រោយពីធ្វើការបម្លាស់ទី ជនជាតិវៀតណាម ខ្មែរ និងឥស្លាម ចេញពីលើទឹក ឡើងមកគោករួចហើយ អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងប្រែក្លាយតំបន់នោះ ជាតំបន់ ទេសចរណ៍ដោយ រៀបចំឲ្យមាន បែរចិញ្ចឹមត្រីតាមបច្ចេកទេសសហភាពអឺរ៉ុប ។

លោកគូសបញ្ជាក់ថា ការបម្លាស់ទីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានទទួលអនុសាសន៍ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឲ្យអនុវត្តផែនការនេះ ដោយម៉ត់ចត់ទាន់ពេលវេលា និងប្រុងប្រយ័ត្នខ្ពស់ ស្របតាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិផងដែរ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបាល នៅកន្លែងថ្មីជូនប្រជាពលរដ្ឋទាំងនោះឲ្យបានល្អ ។

អភិបាលរងខេត្តកំពង់ឆ្នាំង សង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ តាំងទីលំនៅអចិន្ត្រៃយ៍ ឬធ្វើមូលដ្ឋានអាជីវកម្មផ្សេងៗ នៅតាមផ្ទះបណ្តែតទឹកទៀតទេ ជាក់ស្តែងអនុញ្ញាតឲ្យ មានតែបែរចិញ្ចឹមត្រីដោយមិនមាន លំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ ប៉ុន្តែត្រូវរៀបចំតាមបច្ចេកទេស របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោកអភិបាលរងខេត្តថ្លែងថា «ហើយការបម្លាស់ទីនេះ ដែលមានព័ត៌មានថា កាត់ដីឲ្យវៀតណាម ៤០ហិកតា ខ្ញុំសូមបញ្ជាក់ថា ដីនេះជាដីអនុប្បយោគ គ្មានជនជាតិវៀតណាមណាម្នាក់ មានសិទ្ធិកាន់កាប់ជាំកម្មសិទ្ធិទេ ។ បើតាមច្បាប់ភូមិបាលមាត្រា៨ និង៤៤ រូបវ័ន្តបុគ្គល នីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ ចឹងមានន័យថា ជនអន្តោប្រវេសន៍វៀតណាម ដែលស្របច្បាប់នោះ មានសិទ្ធិជួលស្នាក់នៅដូច ជនបរទេសសញ្ជាតិដទៃទៀតដែរ មិនមែនមានតែវៀតណាមមួយទេ ជនជាតិដទៃទៀតក៏មានសិទ្ធិជួលដូចគ្នាដែរ» ។

លោកបន្ថែមថា ជនជាតិខ្មែរ និងខ្មែរឥស្លាម ដែលស្ម័គ្រចិត្តរើផ្ទះបណ្តែតទឹក ទៅរស់នៅលើដីគោក គឺមានសិទ្ធិទទួលបានដីនោះក្នុង ១គ្រួសារ ៥ម៉ែត្រ គុណ ២០ម៉ែត្រ ចំណែកជនអន្តោប្រវេសន៍វៀតណាម ពុំមានសិទ្ធិទទួលបាន ដីជាកម្មសិទ្ធិទេ គឺត្រូវជួលដីនោះស្នាក់នៅពីម្ចាស់ដី ។ លោកថា ដី ៤០ហិកតានោះ ជាដីរបស់ឯកជនដែលមានម្ចាស់ឈ្មោះ រស់ ចំរើន ដែលស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ទាក់ទិននឹងបញ្ហាដី ៤០ហិកតានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ដែរថា គ្មានថ្ងៃដែលកម្ពុជាកាត់ដីឲ្យ ជនអន្ដោប្រវេសន៍វៀតណាមនោះទេ ។

លោក ផៃ ស៊ីផានគូសបញ្ជាក់ថា ការបង្កើតភូមិសម្រាប់ឲ្យអន្ដោប្រវេសន៍ មករស់នៅ គឺមិនមានប៉ះពាល់ដល់សន្ដិសុខជាតិនោះទេ ដោយសារការគ្រប់គ្រង ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ហើយអ្នកគ្រប់គ្រង គឺកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ។

លោកអភិបាលរងខេត្តលើកឡើងថា បន្ទាប់ពីដាក់ចេញនូវផែនការ បម្លាស់ទីពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ឡើងមកលើដីគោកវិញនោះ ក៏មានគ្រួសារជនអន្តោប្រវេសន៍ វៀតណាមមួយចំនួន បានវិលត្រឡប់ទៅស្រុកកំណើតផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ រស់នៅលើផ្ទះបណ្ដែតទឹកមានចំនួន ២០៩៦ខ្នងផ្ទះ ស្មើនឹង ២០១០គ្រួសារ មានមនុស្សចំនួន ៩១៦៨នាក់, ខ្មែរឥស្លាមមានចំនួន ៧៣ខ្នងផ្ទះ ស្មើនឹង៧៣គ្រួសារ មានមនុស្សចំនួន ២៤២នាក់ ។ ដោយឡែកជនអន្តោប្រវេសន៍ វៀតណាមមានចំនួន ១៦៨២ខ្នងផ្ទះ ស្មើនឹង ២៥៨០គ្រួសារ មានមនុស្សចំនួន ១០៣១១នាក់ ៕

ដោយ៖ ខា ដា

To Top