ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុម ស្ទាក់កាប់ពលរដ្ឋ៤នាក់ យ៉ាងព្រហើន រួចគេចខ្លួនដោយសុវត្ថិភាព

កណ្តាល ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព កាប់ទៅលើប្រជាពលរដ្ឋ បណ្តាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គឺឃើញភាគីខាងជនរងគ្រោះជិះម៉ូតូមកទិញស្រាបៀរ យកទៅផឹកក្នុងកម្មពិធីជួបជុំបងប្អូន ។

ស្រាប់តែវិលត្រឡប់មកពីទិញស្រាបៀរវិញ ដល់កន្លែងកើតហេតុ ក៏លេចមុខភាគីម្ខាងទៀតមានគ្នាច្រើននាក់ កាន់កាបិត ដំបង បានស្ទាក់ភាគីជនរងគ្រោះ កាប់និងវៃ បណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់ ដោយមិនដឹងមូលហេតុ ។ ដោយឡែកក្រុមជនសង្ស័យបានរត់ចូលបន្ទប់ផ្ទះជួល ផ្លោះរបងរត់គេចខ្លួនបាត់ ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុផងដែរ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់នៅថ្ងៃទី១៣ ខែធ្នូ នេះ ថា ករណីហិង្សានេះបណ្តាលអោយមានអ្នករបួស៤នាក់ ដោយម្នាក់បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យកម្លាំងជំនាញរបស់លោកកំពុងស្រាវជ្រាវតាមចាប់ហើយ។

លោកអធិការនគរបាលក្រុងតាខ្មៅ បន្តថា ចំពោះដើមចមលម្អិតលោកមិនទាន់បានដឹងនៅឡើយទេ ដោយយប់មិញនេះ មានករណីច្រើនបានកើតឡើង ដោយុលោកកំពុងបន្តនីតិវិធី ។

To Top
×