ភ្នំពេញ ៖ អភិបាលរងខណ្ឌដង្កោ ដែលជាស្ត្រីមួយរូប ត្រូវបានប្រកាសតែងតាំង ជាអភិបាលខណ្ឌជំនួស លោក នុត ពុធដារ៉ា កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ នេះ ជាលើកទី១ហើយ ដែលមានស្ត្រីត្រូវបានប្រកាស ឲ្យកាន់តំណែង ជាអភិបាលខណ្ឌ ក្នុងចំណោមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។
ចំណែក លោក នុត ពុធដារ៉ា នឹងត្រូវទៅកាន់តំណែង ជាអភិបាលរងខេត្តក្រចេះ។
ក្នុងនោះក៏បានតែងតាំង លោក ពុយ ច័ន្ទ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជា អភិបាលរងខណ្ឌដង្កោផងដែរ។
លោកស្រី គឹម ញឹប បានប្តេជ្ញាចិត្តខិតខំបំពេញ ការងារឲ្យបានល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យសាមគ្គីភាពផ្ទៃក្នុង បានល្អសហការជាមួយក្រុមការងារ ទាំងថ្នាក់ជាតិ និងមន្ត្រី ជំនាញពាក់ព័ន្ធ ស្របទៅតាមកម្មវិធី នយោបាយរាជរដ្ឋាភិបាល។ រក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងធ្វើយ៉ាងណាអនុវត្តឲ្យបាននូវនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានជំរុញការបញ្ជ្រាបយេនឌ័រ ដោយ បញ្ចូលស្ត្រីឲ្យទៅបម្រើការងារស្មើបុរសដែរ។ ជាក់ស្តែងពេលនេះ ពិតជាបានឃើញស្រាប់ គឺបានលើកតម្កើងស្ត្រី ដោយបានតែងតាំង លោកស្រី គឹម ញឹប មកកាន់មុខតំណែងជាអភិបាលខណ្ឌដង្កោជំនួស លោក នុត ពុធដារ៉ា។
ដោយឡែកពាក់ព័ន្ធ លោក នុត ពុធ ដារ៉ា វិញអភិបាលរាជធានីបញ្ជាក់ដែរថា លោកបានបំពេញការងារល្អប្រសើរ មានស្នាដៃយ៉ាងច្រើនក្នុងពីរអាណត្តិមក ទើបរាជរដ្ឋាភិបាលឲ្យលោកនុត ពុធដារ៉ាទៅកាន់តំណែងជាអភិបាលរងខេត្តក្រចេះនាពេលខាងមុខ ៕ ដោយ ម៉ៅ ដារាត់