ព័ត៌មានជាតិ

រដ្ឋាភិបាលញូវហ្សេឡែន នឹងបន្តតាមដាន ការវិវត្តន៍ដំណើរការលោក កឹម សុខា

ភ្នំពេញ ៖ តាមរយៈឯកអគ្គរាជទូត ញូវហ្សេឡែន លោក Taha Macpherson គឺរដ្ឋាភិបាលប្រទេសមួយនេះ បានប្រកាសដថា នឹងបន្តតាមដានការវិវត្តន៍ ចំពោះករណី លោក កឹម សុខាទៀត ។

នេះជាការលើកឡើង របស់លោក Taha Macpherson ក្នុងជំនួបជាមួយ លោក កឹម សុខា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានលោក មុត ចន្ថា នាយខុទ្ធកាល័យលោក កឹម សុខា យកមកផ្សព្វផ្សាយ។

សម្រាប់លោក កឹម សុខា មានការចាប់អារម្មណ៍ ចំពោះញូវហ្សេឡែនថា ជាប្រទេសតូចមែន ប៉ុន្តែមានឯករាជ្យ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយគាំទ្រ ដល់ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។

ចំពោះលោក មុត ចន្ថាវិញ បានបង្ហាញពីទស្សនផ្ទាល់ខ្លួនដែរថា រហូតមកទល់ពេលនេះ លោក កឹម សុខា នៅតែបង្ហាញគោលជំហរ និងឆន្ទៈលើស្មារតីផ្សះផ្សា និងបង្រួបបង្រួមជាតិ ។

សូមបញ្ជាក់ថា សាលាឧទ្ធរណ៍កាលពីថ្ងៃ៩ ធ្នូ បានសម្រេចតម្កល់ដីការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ និងឲ្យបន្តនីតិវិធីក្បត់ជាតិ លើសំណុំរឿង លោក កឹម សុខា ដដែល ក្រោយលោកមេធាវី ចាន់ ចេន , មេធាវី ម៉េង សុភារី, មេធាវី ផែង ហេង និងមេធាវី ជា ច័ន្ឋស័ក្តិ ជាអ្នកការពារក្តី បានប្តឹងឧទ្ធរណ៍នឹងដីកា បញ្ជូនទៅជំនុំជម្រះចុះថ្ងៃ២ ធ្នូ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យស្ថិត ក្រោមការពិនិត្យពីបទសន្និដ្ឋិភាព ជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

To Top