ព័ត៌មានជាតិ

ការនាំចេញរបស់ជប៉ុន ធ្លាក់ចុះរយៈពេល១២ខែ ដោយសារតម្រូវការអាមេរិក និងចិនធ្លាក់ចុះដូចគ្នា

តូក្យូ៖ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះក្នុងរយៈពេល១២ខែ ជាប់គ្នាក្នុងខែវិច្ឆិកា ដោយសារការធ្លាក់ចុះ ការនាំចេញទៅសហរដ្ឋអាមេរិក និងចិនបានប៉ះពាល់ដល់សេដ្ឋកិច្ច ពឹងផ្អែកលើពាណិជ្ជកម្ម ដោយបង្កើនហានិភ័យ នៃការធ្លាក់ចុះក្នុងត្រីមាសទី៤ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ទិន្នន័យផ្លូវការ ដែលបានចេញផ្សាយបង្ហាញថា ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ ៧,៩ភាគរយ នាខែវិច្ឆិកា គឺជាការធ្លាក់ចុះតូចជាងការរំពឹងទុក របស់សេដ្ឋវិទូក្នុងការស្ទាបស្ទង់។ ទោះយ៉ាងណា វាជាការធ្លាក់ចុះយូរបំផុត ក្នុងការនាំចេញ ចាប់តាំងពីការអូសបន្លាយរយៈពេល ១៤ ខែដល់ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលការដឹកជញ្ជូនរថយន្ត និងគ្រឿងម៉ាស៊ីនសំណង់ ទៅសហរដ្ឋអាមេរិក និងផលិតផលគីមី ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ។

លោក Atsushi Takeda ប្រធានសេដ្ឋវិទូ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Itochu បានមានប្រសាសន៍ថា“ ការនាំចេញគឺខ្សោយណាស់។ ការស្ទុះងើបឡើងវិញ នៅតែមិនទាន់កើតមាននៅឡើយទេ នៅក្នុងខែវិច្ឆិកា ទោះបីមើលទៅលើបរិមាណក៏ដោយ” ។ ការនាំចេញជាបរិមាណ ដែលមិនរាប់បញ្ចូល ផលប៉ះពាល់អត្រាប្តូរប្រាក់ បានធ្លាក់ចុះ ៥,០ភាគរយ ក្នុងមួយឆ្នាំ គិតត្រឹមខែវិច្ឆិកា ដែលជាការធ្លាក់ចុះធំបំផុត ចាប់តាំងពីខែសីហា និងការធ្លាក់ចុះរយៈពេល ៤ ខែជាប់គ្នា។

ទិន្នន័យបានបង្ហាញកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងល្បឿនលឿន ជាងរបាយការណ៍ដំបូង នៅក្នុងត្រីមាសទី៣ ដោយសារការរីកចម្រើនផ្នែកចំណាយ ក្នុងអាជីវកម្មនិងការប្រើប្រាស់ឯកជន។ ប៉ុន្តែមានការព្រួយបារម្ភថា កម្លាំងនៅត្រីមាសទី៣ កំពុងប្រឈមនឹងការរីកលូតលាស់នៃសេដ្ឋកិច្ច បន្ទាប់ពីរដ្ឋាភិបាល បានដំឡើងពន្ធទូទាំងប្រទេស កាលពីខែតុលា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍សាជីវកម្ម និងគ្រួសារ៕ ដោយ៖លី ភីលីព

To Top