ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ា ០១នាក់ រួមគ្រឿងញៀន ជាច្រើនប្រភេទ!

ភ្នំពេញ ៖ បុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ០១នាក់ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ រួមនិងគ្រឿងញៀន ជាច្រើនប្រភេទ(ក្រាមពណ៍សថ្លា ១៨កញ្ចប់ ស្មើ ២៩០០.២ក្រាម ,ម្សៅពណ៍ស ០៧កញ្ចប់ ស្មើ៤១.១១ក្រាម ,ថ្នាំគ្រាប់ចំរុះពណ៍ ៩៨គ្រាប់ ស្មើ៥០.៩៣ក្រាម) ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង ១៨:៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួន បានយកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន ទុកសម្រាប់ជួយដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេ ក៏មានបក្សពួកជាជាតិ នីហ្សេរីយ៉ា ដូចគ្នា ០២នាក់ទៀត ដែលរកស៊ីជួញដូរគ្រឿងញៀន ជាមួយគ្នា នឹងកំពុងត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ទៀត។

បច្ចុបន្ប ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

To Top