ព័ត៌មានជាតិ

កម្ពុជា-វៀតណាមគ្រោងបង្កើត តំបន់ត្រួតពិនិត្យរថយន្ត នៅព្រំដែន ដើម្បីសម្រួលការ ដឹកជញ្ជូន

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងសាធារណការកម្ពុជា-វៀត ណាម គ្រោងបង្កើតតំបន់ត្រួតពិនិត្យរថយន្តរួមគ្នានៅ ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីងាយស្រួល ក្នុងការជញ្ជូនទំនិញឆ្លងកាត់ទៅវិញទៅមក ។

ក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ច្រកសេដ្ឋកិច្ចបាវិត ជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាមនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូនបានថ្លែងថា “លោក NGUYEN VAN THE រដ្ឋមន្ត្រី ដឹកជញ្ជូនវៀតណាមគាត់ បានលើកឡើងថា គាត់មានដីប្រហែលជា៥០ហិកតាឯណោះ អាចបង្កើតបានជាតំបន់ត្រួតពិនិត្យរួមគ្នា ដែលជាគោលបំណងរបស់ GMS ហៅថាតំបន់មេគង្គ ក៏ដូចជាគោលបំណងអាស៊ានដែរ។ចង់ឲ្យតំបន់សេដ្ឋកិច្ចរួមគ្នាទៅវាងាយស្រួល ទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរនេះ”។

លោកបន្តថា បើសិនលោកនិងរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ឯកភាពគ្នា ភាគីទាំងពីរ នឹងស្នើក្រុមហ៊ុនសាងសង់ដើម្បីគូរ ប្លង់លើដីវៀតណាមចំនួន៥០ហិកតា ហើយភាគីទាំងពីរនឹង បន្តការសិក្សាជាមួយគ្នា។

រដ្ឋមន្រ្តីបញ្ជាក់ថា នៅពេលបង្កើតតំបន់ត្រួតពិនិត្យហើយក្នុងករណីរថយន្តណាមិនមានក្រដាសស្នាមត្រឹមត្រូវ នឹងដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែករថយន្តមានឯកសារត្រឹមត្រូវគ្រប់គ្រាន់នឹងមានអាទិភាពទៅមុនដោយមិនចាំបាច់នៅកកស្ទះទៀតឡើយ។

លោកបន្ថែមថា ការធ្វើបែបនេះ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ព្រោះនឹងពុំមានឡានតម្រង់ជួរ ដូចមុន ទៀតឡើយ៕ ដោយ៖ធី លីថូ

To Top