ព័ត៌មានជាតិ

ស្ត្រីរងគ្រោះដែលកូនប្រុស លោកកែវ គង់ អធិការនគរបាលក្រុងបាវិត បាញ់ប្រហារនោះ ស្លាប់នៅមន្ទីរពេទ្យ វៀតណាម

ស្វាយរៀង៖ ស្ត្រីម្ចាស់ហាងសំណាងអាណេ ដែលអធិការរងនគរបាលឈាមរាវក្រុងបាវិត បាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីដ្ឋានយីហោ “សំណាងអាណេ” មានទីតាំងស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នោះបានស្លាប់បាត់ជីវិត ហើយនៅវេលាថ្ងៃត្រង់ថ្ងៃនេះ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក។

កាលពីវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ កែវ ចិត្រ្តា (ហៅចិត្ត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអធិការងក្រុងបាវិត មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានផឹកស្រាស្រវឹង ហើយយកកាំភ្លើងខ្លីម៉ាក NP-42 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បាញ់ទៅលើជនរងគ្រោះឈ្មោះ សឿន ស្រីណេ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ភោជនីយដ្ឋាន សំណាងអាណេ មានទីលំនៅភូមិក្រាំងអាត ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រូវចំក្បាលមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់។ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៍បានចូលខ្លួនទៅសារភាព នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ប្រភពបានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះកែវ ចិត្រា ដែលមានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន ដែលបាញ់ប្រហារទៅម្ចាស់ហាង សំណាងអាណេ នេះ ជាមន្ត្រីប៉ូលិសនៅក្រុងបាវិត ទើបតែប្រកាស តែងតាំងជាអធិការរងបាន៥ទៅ៦ថ្ងៃប៉ុណ្ណោះ។ ហើយជនសង្ស័យនេះ អ្នកក្រុងបាវិតមួយចំនួន បានស្គាល់ថា ជាមនុស្សមានចរិតមិនសូវល្អ មានអំនួត អួតក្អេងក្អាង ជាក្មេងទំនើងយូរហើយ ស្រាប់តែមានសំណាង បានធ្វើជាអធិការរងនគរបាលទៀត ឪអធិការ កូនអធិការរង។

រហូតមកដល់ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ជនល្មើសត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការសាលាដំបូងខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

To Top