ព័ត៌មានជាតិ

គបម នៅតែបង្ហាញការមិនពេញចិត្ត ការប្រកាសដាក់ឲ្យប្រើប្រាស់ សន្ធិសញ្ញាបំពេញបន្ថែម លើព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ ដូចបានចែង ក្នុងសេចក្តីថ្លែងការណ៍ទាំង២លើក កន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅតែប្រកាន់ជំហររបស់ខ្លួនដដែល គឺ រដ្ឋសភា ព្រឹទ្ធសភា និង រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រ លើច្បាប់ស្តីពីការអនុម័ត យល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម។

ក្នុងសេចក្តីថ្លែងការណ៍របស់គបម ទាំង២លើកនោះ បានសម្តែងការមិនពេញចិត្ត ដោយទាមទារមិនឲ្យរដ្ឋសភា និងព្រឹទ្ធសភាអនុម័ត ព្រោះអះអាងថា មិនទាន់ដល់ពេល ដោយសារស្ថានភាពនយោបាយបាយ មិនទាន់មានការឯកភាពជាតិ និងក្នុងពេលដែលសភាជាតិ គ្រប់គ្រងដោយបក្សតែមួយ ។

ច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម ដែលរដ្ឋសភាអនុម័ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងថ្ងៃ១៨ វិច្ឆិកា ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃ៥ ធ្នូ កន្លងមកនេះ៕

To Top