ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវឲ្យ ពលរដ្ឋ-សមត្ថកិច្ច ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈស្វែងរកការងារ នៅក្រៅប្រទេស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ សហការគ្នាជាមួយ សមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពើជួញដូរមនុស្ស ដែលកើតឡើងតាមរយៈ ចេញទៅស្វែងរកការងារ ដោយខុសច្បាប់នៅក្រៅប្រទេស។

ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិសត្ថារាម ហៅវត្តអណ្ដូងសាលា ស្រុកកញ្ច្រៀច នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩ សម្ដេច ស ខេង បានថ្លែងថា ពលរដ្ឋកម្ពុជាសម័យបច្ចុប្បន្ន មានមធ្យោបាយជាច្រើន ក្នុងការតស៊ូមតិ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃរួមមាន ៖ ការផ្ដល់ព័ត៌មានជូនអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជូនប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបង្ហោះលើបណ្ដាញសង្គម និងទំនាក់ទំនងជាមួយ អង្គការក្រៅរដ្ឋបាលជាដើម។

សម្ដេចមានប្រសាសន៍ថា “អំពាវនាវប្រជាពលរដ្ឋ រួមសហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច នៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្សដែលកើតឡើង តាមរយៈការចេញ ទៅស្វែងរកការងារ ដោយខុសច្បាប់នៅក្រៅប្រទេស “។

ជាងនេះទៅទៀត សម្ដេច ស ខេង បានពន្យល់ថា នៅតាមភូមិ-ឃុំ របស់ពលរដ្ឋ មានក្រុមប្រឹក្សាឃុំ មន្ត្រីនគរបាល មេភូមិ គ្រូបង្រៀន និងគ្រូពេទ្យជាដើម ជាអ្នកបំពេញតួនាទី ផ្ដល់សេវាសេវាដោយផ្ទាល់ ជូនពលរដ្ឋ។ សម្ដេច ឧទាហរណ៍ ថា ការផ្ដល់សេវាឯកសាររដ្ឋបាលនានា ការផ្ដល់សេវាសន្តិសុខសង្គម ដូចជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋាន។

ឆ្លៀតឱកាសនោះដែរ សម្ដេច ក្រឡា ហោម ស ខេង បាន រំលឹកថា កម្ពុជា ដើរផុតពីដំណាក់កាល ស្ដារប្រទេសឡើងវិញហើយ គឺកំពុងស្ថិតក្នុងដំណាក់កាល ឈរជាប្រទេសកំពុងអភិវិវឌ្ឍន៍ និងក៏ដើម្បីឈានទៅប្រទេស មានការអភិវឌ្ឍ ដូចបណ្ដាប្រទេសជឿនលឿនផ្សេងទៀត។

សម្ដេចក៏បានបញ្ជាក់ដែរថា ពេលនេះកម្ពុជា ត្រូវបន្តថែរក្សាសុខសន្តិភាព និងស្ថេរភាពជាតិ ដើម្បីផ្ដល់ឱកាស ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឲ្យជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែប្រសើរ៕ ដោយ៖ អេង ប៊ូឆេង

To Top
×