ព័ត៌មានជាតិ

អ្នកបើកបរ យានយន្ដ និងកម្មករ -កម្មការិនី រោងចក្រ ប្រមាណ ១២០នាក់ ចូលរួម ស្វែងយល់ ច្បាប់ចរាចរណ៍ ផ្លូវគោក

ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ការិយាល័យ គោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានចុះរៀបចំ ប្រជុំផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងជំរុញ ការកែលម្អសុវត្ថិភាព រថយន្តដឹកកម្មករ និយោជិត ដល់អ្នកបើកបរ យានយន្ដដឹកកម្មករ និងកម្មករនិយោជិត នៅរោងចក្រ CAN STORTS SHOSE CO.LTD ស្ថិតនៅខេត្តកំពង់ឆ្នាំង។

លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាព ចរាចរណ៍ បានលើកឡើងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើងលើកម្មករនិយោជិត នៅពេលធ្វើដំណើរ ឬដោយមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញ ទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យ មិនស្របទៅតាមលក្ខណៈ បច្ចេកទេស។

បន្ថែមពីលើនេះ លោកបានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរ ជាប់ជានិច្ច។

លោកឧត្ដមសេនីយ៍ត្រី កេត យ៉ុង តំណាងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកនាយល្បាត ត្រួតពិនិត្យនិងផ្សព្វផ្សាយ បានកោតសរសើរ និងអរគុណ ចំពោះក្រុមការងារ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. តែងតែចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនអ្នកបើកបរយានយន្ត ដឹកកម្មករ និយោជិត ក៏ដូចជាបងប្អូនកម្មករនិយោជិត ដើម្បីរួមចំណែកទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមាន លើបងប្អូនកម្មករ និយោជិត។

សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយ ខាងលើមានការអញ្ចើញចូលរួមពី លោក សរ ថាត អភិបាល ស្រុកសាម្គីមានជ័យ លោក គង់ឃាង តំណាងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និង លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម ព្រមទាំង លោកលោកស្រី តំណាង សសយក តំណាង ប.ប.ស. ខេត្តកំពង់ឆ្នាំង តំណាងរោងចក្រ និងបងប្អូន អ្នកបើកបររថយន្តដឹកកម្មករ និយោជិតនិងកម្មករ-កម្មការិនី ប្រមាណជា ១២០នាក់៕

To Top