ព័ត៌មានជាតិ

កម្ពុជា-ចិនឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ដើម្បីរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្ពុជា-ចិន បានឯកភាពគ្នានឹងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ដើម្បីរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន នៅខេត្តឆាងសា និងខេត្តហួណាន ប្រទេសចិន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងពីកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះគីជាកិច្ចប្រជុំផ្លាស់វេនគ្នាប្រចាំឆ្នាំ ដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួន ដូចជា៖ ការចែករំលែកពត័មាន ស្តីពីគ្រឿងញៀនទៅវិញទៅមក រវាងប្រទេសទាំង២ : ១.កិច្ចសហប្រតិបត្តិការ ក្នុងការងារអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកាត់បន្ថយតម្រូវការ និងការគាំទ្រការបណ្តុះបណ្តាល និងសម្ភារ។

ជាមួយគ្នានេះ លោក យ៉ាង ហ្វេនរី Yang Fengrui ប្រធានមូលនិធិ ត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិ ត្រួតពិនិត្យគ្រឿងញៀនចិន បានផ្តល់តេស្តបឋមស្វែងរកសារធាតុញៀន ដែលមានតម្លៃ ៥០០,០០០យ័ន ដល់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃប្រជុំទ្វេភាគីកម្ពុជា.ចិន ថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៩ ឆ្នាំ២០២០ នៅប្រទេសកម្ពុជា ៕

To Top