ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានសម្តែងការសោកស្តាយ និងរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍ដ៏អាក្រក់បាក់អគារ ៧ជាន់នៅក្នុងខេត្តកែប។
តាមដំណឹងបឋមដែលគណបក្ស បានទទួលនៅថ្ងៃនេះថា កាលពីវេលាម៉ោង ៤និង៣០ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ មានហេតុការណ៍ដ៏អាក្រក់មួយ នៅក្នុងខេត្តកែប គឺអគារកម្ពស់៧ជាន់ដែលកំពុងសាងសងបានបាក់រំលំ បង្ករការរងគ្រោះដល់កម្មករប្រមាណជា៣០នាក់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តតាមដានការវិវឌ្ឍស្ថានការណ៍នេះ និងជាពិសេសទាមទារ ឲ្យមានការស្រាវជ្រាវរកមូលហេតុច្បាស់លាស់។
ជាមួយគ្នានេះផងដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងទាមទារឲ្យរដ្ឋបាលខេត្តកែប និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលខុសត្រូវចំពោះ ឧប្បត្តិហេតុដ៏អាក្រក់នេះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឲ្យរាជរដ្ឋាភិបាលបង្ហាញការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋ ដោយរកឲ្យឃើញនូវអ្នកពាក់ពន្ធប្រព្រឹត្តកំហុសឆ្គង ហើយផ្តន្ទាទោសសមស្រប ដើម្បីបញ្ឈប់សោកវិនាសកម្មដដែលៗ ដែលកើតឡើងមកលើ ពលរដ្ឋស្លូតត្រង់៕