ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសង្កេតឃើញថា នៅមានសេវាសុខាភិបាលឯកជន ដែលមិនមានច្បាប់មួយចំនួន នៅតែបន្តសកម្មភាព ប្រព្រឹត្តខុសច្បាប់ ធ្វើឲ្យប៉ះពាល់សុវត្ថិភាព និងសុខភាពសាធារណៈ។
យោងតាមសេចក្ដីជម្រាបជូន ផ្ញើទៅអភិបាលរាជធានីខេត្តទូទាំងប្រទេសរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា លោក ម៉ម ប៊ុនហេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល រាជធានី-ខេត្ត កន្លងមក ដែលបានចូលរួមជាមួយក្រសួងសុខាភិបាល ទប់ស្កាត់សេវាសុខាភិបាលឯកជន ខុសច្បាប់។
លោក មានប្រសាសន៍ថា «ទន្ទឹមនឹងនោះ យើងសង្កេតឃើញ នៅមានសេវាសុខាភិបាលឯកជន អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមិនមានច្បាប់មួយចំនួនតូច នៅតែបន្តសកម្មភាព ដែលជាការប្រព្រឹត្តខុសច្បាប់ ធ្វើឲ្យប៉ះពាល់សុវត្ថិភាព និងសុខភាពសាធារណៈធ្ងន់ធ្ងរ»។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “សូមអភិបាលរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាម គោលការណ៍វិមជ្ឈការ និង វិសហមជ្ឈការ ចាត់វិធានការលុបបំបាត់ សេវាសុខាភិបាលឯកជនខុសច្បាប់នៅតាមមូលដ្ឋាន គ្រប់គ្រងរបស់ខ្លួនអោយ មានប្រសិទ្ធភាពខ្ពស់”៕
ដោយ៖ អេង ប៊ូឆេង