នយោបាយ

ព្រឹកនេះ បើកសវនាការ លោក កឹម សុខា ជាសាធារណៈ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្តី លោក កឹម សុខា អំពីបទក្បត់ជាតិហើយ ។

មុនមួយថ្ងៃ នៃសវនាការ លោក កឹម សុខា តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក ចាន់ ចេន បានលើកឡើងថា កុំយកក្បាលជល់នឹងថ្ម។

ក្នុងហ្វេសប៊ុកលោក ចាន់ ចេន នាព្រឹកថ្ងៃទី១៤ មករា នេះ បានបង្ហាញថា “លោក កឹម សុខា បានប្រាប់យើងថា សូមកុំយកក្បាលជល់នឹងថ្ម កុំបង្កបញ្ហា កុំប្រើអំពើហិង្សា សូមដោះស្រាយបញ្ហាដោយសន្តិវិធី”។

សវនាការជាសាធារណៈ នៅថ្ងៃ១៥ មករានេះ បានធ្វើឲ្យអតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និងសង្គមស៊ីវិល បានបង្ហាញ ការព្រួយចំពោះវិធានការអាជ្ញាធរ ដែលកំណត់ចំនួន មនុស្សចូលរួម ក្នុងថ្ងៃសវនាការនេះ ។

លោកមេធាវីចាន់ ចេន បញ្ជាក់សារជាថ្មី ជូនសាធារណជនជាតិនឹងអន្តរជាតិថា “ឯកឧត្តម កឹម សុខា រួមទាំងមេធាវី៤រូប នឹងទៅចូលរួម សវនាការ ជុំនំជម្រះក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលចាប់ផ្តើម ពីម៉ោង៨ព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០នេះ”។

ដំណើរការ សវនាការ ធ្វើឡើង២ថ្ងៃ គឺ១៥និង១៦ មករា។

ចំពោះនាយកប្រតិបត្តិការ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើង ជាសំណូមពរថា តុលាការគួរតែអនុញ្ញាតិឲ្យមាន ការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើម រហូតដល់ចប់សវនាការ សម្រាប់ការប្រកាសបើកសវនាការ ជាសាធារណៈ លើករណីលោកកឹម សុខា ។

លោក ព្រាប កុល លើកឡើង ក្នុងហ្វេសប៊ុក មុនមួយថ្ងៃនៃសវនាការ  តាមសេចក្តីណែនាំជាផ្លូវការ គឺមានតែមន្ត្រី និងបុគ្គលសំខាន់ៗ ចំនួន៣០នាក់ តែប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតិ ឲ្យចូលទៅអង្គុយស្តាប់ នៅក្នុងបន្ទប់សវនាការ ដែលភាគច្រើន ជាមន្ត្រីស្ថានទូតអន្តរជាតិ។

លោកថា “ដើម្បីលើកកំពស់តម្លាភាព ទៅលើការកាត់ក្តីមេបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា តុលាការគួរតែអនុញ្ញាតិឲ្យមានការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើមរហូតដល់ចប់សវនាការ”។

សម្រាប់ថ្ងៃស្អែកនេះ នឹងមានវត្តមានលោក កឹម សុខា នៅក្នុងរង្វងក្រចកសេះ ក្នុងតុលាការ។ នេះជារឿងកម្រណាស់សម្រាប់ ការបើកសវនាការ ដែលមាន វត្តមានលោក កឹម សុខា ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិកាលពីចុងឆ្នាំ២០១៧៕

To Top