ព័ត៌មានជាតិ

អ្នកឈ្នះរង្វាន់ ១៦នាក់ ក្នុងកម្មវិធី “ខ្ញុំដឹងខ្ញុំឈ្នះ” ទទួលរង្វាន់ជាច្រើន ពី ប.ស.ស.

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសអញ្ជើញធ្វើការប្រគល់រង្វាន់ ជូនដោយផ្ទាល់ ដល់អ្នកឈ្នះទាំង ១៦នាក់ ក្នុងនោះអ្នកមកទទួលរង្វាន់ ជាមួកសុវត្ថិភាព ៥នាក់ និងអាវយឺត ១១នាក់ នៅសណ្ធាគារតារាអ៊ែរផត រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសនៃពិធីសន្និបាត បូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០១៩ និងទិសដៅការងារបន្ត ឆ្នាំ២០២០។

កម្មវិធីខ្ញុំដឹងខ្ញុំឈ្នះ ត្រូវបានរៀបចំឡើង ដោយបេឡាជាតិសន្តិសុខសង្គម ដោយមានគោលបំណង ដើម្បីឱ្យជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ មន្រ្តី សាធារណៈ និងសាធារណៈជនទូទៅ បានយល់ដឹងពីគោលនយោបាយ នៃការអនុវត្តសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម តាមរយៈ ការប្រកួតប្រជែងឆ្លើយសំណួរ នៅលើបណ្តាញសង្គម ហ្វេសបុកផេកផ្លូវការ របស់បេឡាជាតិរបបសន្តិសុខសង្គម បានត្រឹមត្រូវ និងបានបំពេញគ្រប់លក្ខខណ្ឌ នៃកម្មវិធី។

សូមបញ្ជាក់ថា៖ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការ នៅដើមខែធ្នូ ឆ្នាំ២០១៩ ដោយគិតរហូតមកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ នេះ គឺក្រុមការងារ បានធ្វើចំនួន ៤ វគ្គរួចមកហើយ ដែលមានអ្នកឈ្នះចំនួន ៤០ នាក់ ក្នុងនោះអ្នកឈ្នះរង្វាន់ជាមួកសុវត្ថិភាពចំនួន ២០ នាក់ និងអ្នកឈ្នះអាវយឺត ប.ស.ស. ចំនួន ២០ នាក់ និងបានកំពុងបន្ត ដាក់ឲ្យដំណើរ នៃកម្មវិធីនេះបន្តទៀត៕

To Top