ព័ត៌មានជាតិ

ក្រសួង បិទយុទ្ធនាការ បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ ដោយផ្តល់មួក សុវត្ថិភាព ជិត២ពាន់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់យុទ្ធនាការអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពី«ការបន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ» នៅតាមផ្លូវជាតិលេខ១ និងលេខ៥ ដោយបានផ្តល់មួកសុវត្ថិភាព ដល់សិស្សានុសិស្ស ជិត២ពាន់មួក។

ក្នុងពិធី បិទយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលការគាំទ្រ ពីអង្គការមូលនិធិ សមាហរណកម្មជប៉ុន-អាស៊ាន (JAIF) នៅថ្ងៃទី១៨ មករា លោក ព្រំ វន្ថា ប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា យុទ្ធនាការអប់រំ ផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានគោលបំណង ពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលងាយប្រឈម នឹងគ្រោះថ្នាក់ ជាពិសេសគឺកុមារ ដើម្បីឲ្យពួកគេប្រុងប្រយ័ត្ន និងយល់ដឹងនូ វចំណេះមូលដ្ឋាន អំពីខ្លឹមសារភ្លើងសញ្ញា ផ្លាកសញ្ញាចរាចរណ៍ ដែលកុមារត្រូវយល់ដឹង វិធានសុវត្ថិភាពចរាចរណ៍ សម្រាប់ថ្មើរជើង នៅពេលឆ្លងផ្លូវ រួមទាំងការង្ហាត់ បង្រៀនអំពីរបៀប ក្នុងការឆ្លងផ្លូវ ដោយប្រើប្រាស់ រនាំងសុវត្ថិភាព ពីមន្ត្រីជំនាញ ផ្នែកសុវត្ថិភាពចរាចរណ៍ ។

លោកបន្តថា យុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមការបណ្តុះបណ្តាល ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ និងបានចែកចេញជា២ ដំណាក់កាល គឺដំណាក់កាលទី១ ធ្វើឡើងនៅសាលាបឋមសិក្សា នៅតាមផ្លូវជាតិលេខ១ បានចំនួន ១៨សាលា និងនៅតាមផ្លូវជាតិលេខ៥ ពីភ្នំពេញ ដល់ ខេត្តពោធិ៍សាត់ បានចំនួន ៤០សាលា។

សម្រាប់ដំណាក់កាលទី២ គឺពីខេត្តពោធិ៍សាត់ ដល់បាត់ដំបង បានចំនួន ២៥សាលា។

លោកបន្ថែមថា សរុបទាំងពីរដំណាក់កាល ក្នុងសាលាបឋមសិក្សាទាំង ៨៣សាលា មានសិស្សានុសិស្ស ដែលទទួលបានការបណ្តុះ ណ្តាលអំពីសុវត្ថិភាព ចរាចរណ៍នេះ មានចំនួន ៨.៦១០នាក់ និងបានផ្តល់រនាំងសុវត្ថិភាព ចំនួន ៣៣ ២រនាំង អាវចំណាំង ចំនួន៨៣០អាវ កញ្ចែចំនួន ១៦៦គ្រាប់ ផ្លាកឈប់ចំនួន ១៦៦ផ្លាក បដាដែលមានសារសុវ ត្ថិភាពចំនួន ១៦៦ផ្ទាំង ស្ទីកឃ័រចំណាំងផ្លាត ចំនួន ១៦.៦០០សន្លឹក និងមួកសុវត្ថិភាព ចំនួន ១.៦៦០មួក។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ កើតឡើង៤.១២១លើក បណ្តាលឲ្យមាន អ្នកស្លាប់ចំនួន ១.៩៨១នាក់ និងរបួសចំនួន ៦.១៤១នាក់ ដែលជាមធ្យមក្នុងមួយថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១១ករណី អ្នកស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ១៧នាក់៕

To Top
×