ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារទៅ នគរបាលគ្រប់រាជធានី-ខេត្តត្រូវបំពេញតួនាទីឲ្យបានត្រឹមត្រូវ ដោយមិនត្រូវបម្រើបក្ខពួក និងក្រុមគ្រួសាររបស់ខ្លួនជាធំទេ ត្រូវបម្រើជាតិនិងប្រជាពលរដ្ឋជាធំ។
ក្នុងពិធីប្រគល់រថយន្ដ ដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “តើនគរបាលនោះ គាត់បំពេញតួនាទី របស់គាត់តាមវិជ្ជាជីវៈជានគរបាលឬអត់? ដូចម្ដេចទៅដែលហៅថា បំពេញតួនាទីវិជ្ជាជីវៈជានគរបាល មានន័យថា គាត់ស្មោះត្រង់តួនាទីរបស់គាត់ ដើម្បីបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ។ មិនមែនបម្រើដើម្បីខ្លួនយើង បក្ខពួកយើង ក្រុមគ្រួសារយើងទេ គឺបម្រើផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ” ។
សម្ដេចលើកឡើងថា នៅពេលសារព័ត៌មានតាមហ្វេសប៊ុក វេបសាយ កាសែត និងផ្សេងៗទៀត បានចុះផ្សាយទុក្ខលំបាកពលរដ្ឋ នគរបាល និងភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយឲ្យភ្លាមៗ មិនត្រូវទុកបង្អង់យូរឡើយ។
សម្ដេចក្រឡាហោមពន្យល់ថា ព័ត៌មានតាមហ្វេសប៊ុកជាប្រភេទព័ត៌មានដែលមានម្ចាស់ជាអ្នកទទួលខុសត្រូវ ប៉ុន្តែជួនកាលព័ត៌មានទាំងនោះជាការពិត ដូច្នេះក៏ត្រូវចុះពិនិត្យមើលភ្លាមៗដែរ ។
កាលពីថ្ងៃ២១ មករា ក្នុងឱកាសចូលរួមបូកសរុបការងារ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ ផ្លូវគោក សម្តេច ស ខេង បានថ្លែងទៅកាន់បណ្តាមន្រ្តីធំៗនៅកម្ពុជាថា ថ្នាក់ដឹកនាំចាត់តាំងឲ្យឡើងបុណ្យស័ក្តិ ដើម្បីទៅការពារផលប្រយោជន៍ជាតិ និងពលរដ្ឋ ប៉ុន្តែបើឡើង ធ្វើធំសម្រាប់តែទៅការពារផលប្រយោជន៍ផ្ទាល់ខ្លួនឯង មិនបាច់ឡើងទេ ៕ ដោយ អេង ប៊ូឆេង