ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺជាមេដឹកនាំទី១ ហើយដែលបានទៅដល់ទឹកដី មហាអំណាចយក្សចិន ដែលកំពុងផ្ទុះវីរុសកូរ៉ូណា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ ចំណុចនេះ បានធ្វើឲ្យលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កោតសរសើរចំពោះភាពអង់អាចក្លាហ៊ាន របស់សម្តេច ដែលហ៊ានទៅតំបន់ ដែលពិភពលោកខ្លាចរអា ។
លោក ពេជ្រ ស្រស់លើកឡើងក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃ៦ កុម្ភៈថា “កម្ពុជាតូចមែន ប៉ុន្តែសកម្មភាពការទូតមិនតូចទេ បើទោះបីជាខ្ញុំជាប្រធាន គណបក្សយុវជនកម្ពុជា មាននិន្នាការខុសពីគណបក្ស របស់សម្តេចតេជោក៏ដោយ ប៉ុន្តែគឺខ្ញុំសូមកោតសរសើរ សម្តេចតេជោ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាបានកំពុងធ្វើឲ្យពិភពលោកបើកភ្នែកធំៗ មើលមកមេដឹកនាំកម្ពុជា ដែលហ៊ានចុះទៅកន្លែងដែលពិភពលោកខ្លាចរអាគឺប្រទេសចិនសព្វថ្ងៃនេះ ដោយសារប្រទេសចិនមានកើតមេរោគកូរ៉ូណា” ។
លោកថា សម្រាប់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាវិញ បានបង្ហាញភាពជាមិត្តល្អ ក្នុងគ្រាមានអាសន្ន ដែលសម្តេចបានអញ្ជើញទៅដល់មូលដ្ឋាន ដែលមិត្តកំពុងជួបគ្រោះអាសន្ន ក្នុងគោលបំណងលើកទឹកចិត្តមិត្តផង និងស្វែងរកវិធីដោះស្រាយអាសន្នរួមគ្នាផងដែរ ។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី គឺបានលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ លើសមរភូមិជំងឺវេជ្ជសាស្ត្រ។ លោកថា ហើយអ្វីដែលលោកបានរៀបរាប់ខាងលើ នៅក្នុងន័យផលប្រយោជន៍កម្ពុជា ប៉ុណ្ណោះ គឺមិនមែនក្នុងន័យនយោបាយណាមួយឡើយ ៕