ព័ត៌មានជាតិ

លោក គួច ចំរើន ជំរុញឲ្យពន្លឿនការរៀបចំ ពោងសុវត្ថិភាព កំណត់ព្រំដែនអ្នកហែលទឹក និងជិះម៉ូតូទឹក​ នៅឆ្នេរអូរឈើទាល មុនបុណ្យចូលឆ្នាំខ្មែរមកដល់

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះពិនិតការដាក់ប្រព័ន្ធលូ និងបន្តចុះពិនិត្យ ទីតាំងការរៀបចំពោងសុវត្ថិភាព កំណត់ព្រំដែនសម្រាប់អ្នកហែលទឹកសមុទ្រ និងជិះម៉ូតូទឹកលេងកំសាន្ត នៅឆ្នេរអូរឈើទាល ដើម្បីរៀបចំស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកំសាន្តនៅក្រុងព្រះសីហនុ ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរលោក គួច ចំរើន បានណែនាំឲ្យក្រុមការងារមន្ទីរជំនាញ មានមន្ទីរទេសចរណ៍ ព្រមទាំងអ្នកបច្ចេកទេស ដែលរៀបចំពោងសុវត្ថិភាព ធ្វើយ៉ាងឲ្យមានគុណភាព ធានាបាននូវសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែល មកលេងកំសាន្តនៅលើឆ្នេរអូឈើទាល ។

លោកអភិបាលខេត្ត ក៏បានជំរុញក្រុមការងារ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្វើយ៉ាងពន្លឿនការរៀបចំពោងសុវត្ថិភាពនេះ ឲ្យទាន់ពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ។

សូមបញ្ជាក់ថា ការរៀបចំនេះគឺសម្រាប់ជាគំរូរដំបូង ហើយនឹងបន្តសិក្សាធ្វើបន្តទៀត លើឆ្នេរអារីស្តុន និងឆ្នេរអូរ​ត្រេះផងដែរ ៕

To Top