ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី នឹងពិនិត្យឡើងវិញ សំណើប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី ត្រូវដឹកនាំប្រជុំ សម្របសម្រួលឡើងវិញ ចំពោះលើសំណើប្តូរឈ្មោះក្រសួង ឧស្សាហកម្ម និង សិប្បកម្ម ទៅជា ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ដោយក្រសួងនានា មានរចនាសម្ព័ន្ធ ប្រហាក់ប្រហែលគ្នាមួយចំនួន។

ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រី ក៏សំរេចរៀបចំជាច្បាប់ថ្មី ព្រមទាំងតែងតាំង រដ្ឋមន្ត្រីជាថ្មីម្តងទៀត ដើម្បីឆ្លងរដ្ឋសភា ។

បើតាមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះបញ្ជាក់ថា “នៅលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយក្រសួងនានា មានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នាមួយចំនួន គណៈរដ្ឋមន្ត្រីត្រូវដឹកនាំប្រជុំ សម្របសម្រួលឡើងវិញ”។

សូមបញ្ជក់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានពិនិត្យតសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត ស្តីពីការរៀបចំ និងការប្រព្រឹតទៅ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានអនុញ្ញាតជាគោលការណ៍ ឲ្យប្តូរឈ្មោះទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបាន ប្រសិទ្ធភាព និងពង្រីកសក្តានុពល ទូលំទូលាយក្នុង យុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រ ឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទ នៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០ ៕

To Top