ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក អនុញ្ញាតឱ្យ នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បានអនុញ្ញាត ឱ្យលោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារ បារាំង សម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នៅទីស្ដីការក្រសួង ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិការដែល AFD ក៍ដូចជាសហគមន៍អឺរុប (EU) បាន និងកំពុងគាំទ្រលើគម្រោង កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលមានទំហំវិនិយោគ 79 លានអឺរូ ។

ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី ២ ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោង អនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តសៀមរាប ព្រះវិហារ បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងថវិកាប្រមាណ ៧០ លានអឺរូ ។ លើសពីការគ្រោងទុកនេះ ក៏បានលើកពីចំណាប់អារម្មណ៍ លើគម្រោងស្តារស្ទឹងស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ ៤០ លានអឺរ៉ូ និងគម្រោងស្តារស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ ២៥ លានអឺរូ ព្រមទាំងគម្រោងអាទិភាព ក្នុងការដោះស្រាយទឹកមួយចំនួន ទៀតផងដែរ ៕

To Top