ព័ត៌មានជាតិ

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការ នូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការ សេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួល ដល់ការធ្វើប្រតិបត្តិការ របស់អតិថិជន ឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។

ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួល នូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀត ដែលនឹងត្រូវបានដាក់បន្ថែម ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដូចជា សេវាវេរលុយ ជាដើម។

ថ្លែងក្នុងពិធីបើកសម្ពោធ ភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា «ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យា ហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់អាកប្បកិរិយា របស់ប្រជាជន ក្នុងការបង្វិល និងទូទាត់ប្រាក់។

ក្នុងនោះដែរធនាគារ ជីប ម៉ុង ជាស្ថាប័នហិរញ្ញវត្ថុ ឈានមុខគេបាន និងកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើការផ្តល់សេវាកម្ម ការបង្វិល និងទូទាត់ប្រាក់​ដ៏មានប្រសិទ្ធភាព ដែលមានភាពរហ័ស មានសុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការ របស់អតិថិជន»។

តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋកម្ពុជា មិនថានៅទីក្រុង ទីរួមខេត្ត ឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តា ភូមិ ឃុំ ដាច់ស្រយាលក៏អាចធ្វើការ បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ ក្នុងគណនីធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមានភាពរហ័ស និងសុវត្ថិភាពខ្ពស់៕

To Top