ព័ត៌មានជាតិ

ព្រូដិនសលកម្ពុជា រៀបចំវេទិកា ពិភាក្សាអំពី កិច្ចការជំនួញ ដើម្បីជួយឱ្យ ម្ចាស់អាជីវកម្ម ខ្នាតតូច និងមធ្យម រីកចម្រើន

ភ្នំពេញ៖ សហគ្រិន និងម្ចាស់អាជីវកម្មប្រមាណ ៨០នាក់ បានចូលរួមវេទិកា នាំម្ចាស់អាជីវកម្ម ទៅរកភាពជោគជ័យ ក្នុងការរក្សាបុគ្គលិកឆ្នើម ដើម្បីស្វែងយល់ពីវិធីថ្មីៗ ក្នុងការលើកទឹកចិត្ត ឱ្យបុគ្គលិករបស់ខ្លួន បំពេញការងារ ឲ្យកាន់តែសកម្ម និងឲ្យចំមុខជំនាញរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់​ នៅក្នុងអាជីវកម្ម។ វេទិកានេះរៀបចំឡើង កាលពីចុងខែកុម្ភៈ ដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា សហការដៃគូ ជាមួយក្រុមហ៊ុន Aplus Consulting និង ODI Asia។

វេទិកាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME នេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍​ គ្រប់គ្រងផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន ព្រូដិនសលផ្ទាល់ និងមានគោលបំណង លើកទឹកចិត្ត ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធ្វើឱ្យអាជីវកម្មរីកចម្រើន និងរក្សាបាននូវបុគ្គលិកឆ្នើម ក្នុងស្ថាប័នរបស់ខ្លួន។

វេទិកាពិភាក្សានេះ ក៏បានបង្ហាញជូន នូវវិធីសាស្រ្តថ្មីៗដូចជា ការបង្កើនទំនាក់ទំនង ជាមួយបុគ្គលិក ការផ្តល់ប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួល និងការលើកទឹកចិត្ត ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍បុគ្គលិក ក៏ដូចជាបញ្ហាប្រឈម ក្នុងផ្នែកធនធានមនុស្ស សំខាន់ៗមួយចំនួន ដែលអាចមានផលប៉ះពាល់ ដល់ការងារអាជីវកម្ម។

នៅក្នុងកម្មវិធីសិក្ខាសាលា លោកស្រី ហួត សាន់នី នាយិកាផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឱ្យតម្លៃខ្ពស់ លើការលើកទឹកចិត្តដល់បុគ្គលិក និងទំនាក់ទំនងនៅកន្លែងធ្វើការ។

លោកស្រីមានប្រសាសន៍ថា៖ «ទំនាក់ទំនងរវាងបុគ្គលិក និងអ្នកគ្រប់គ្រង ដើរតួនាទីយ៉ាងសំខាន់ ក្នុងធ្វើឱ្យក្រុមហ៊ុនរីកចម្រើន។ ការចំណាយពេល ក្នុងការស្វែងយល់ ពីចំណង់ចំណូលចិត្ត របស់បុគ្គលិកម្នាក់ៗ ហើយភ្ជាប់ ចំណង់ចំណូលចិត្តទាំងនោះ ទៅក្នុងគោលបំណង របស់ក្រុមហ៊ុន អាចជួយកសាងក្រុមការងារមួយ ប្រកបដោយសាមគ្គីភាព និងការតាំងចិត្តខ្ពស់ ដែលនឹងធ្វើឱ្យអាជីវកម្មរីកចម្រើន។»

លោកស្រី វណ្ណ ដាណា ជាអ្នកចូលរួម និងជាម្ចាស់ក្រុមហ៊ុន Northern Dragon Trading Company បានចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការចូលរួម វេទិកាពិភាក្សានេះ។

លោកស្រី បានមានប្រសាសន៍ថា៖ «នាងខ្ញុំមានសេចក្តីរីករាយ ដែលមានឱកាសចូលរួម វេទិកាពិភាក្សាអំពីកិច្ចការជំនួញនេះ។ ក្នុងនាមជាម្ចាស់អាជីវកម្មខ្ញុំ បានរៀនសូត្រច្រើន ពីអាកប្បកិរិយារបស់បុគ្គលិក ក៏ដូចជារបៀប និងផ្នត់គំនិត ដែលជួយឱ្យខ្ញុំចេះវាយតម្លៃ សមត្ថភាពបុគ្គលិក និងជម្រុញឱ្យពួកគេរីករាយ ជាមួយនឹងការងារបន្ថែមទៀត។»

វាគ្មិនកិត្តិយស លោកស្រី សែម សាវី ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុន ODI Asia មានប្រសាសន៍ថា “វេទិកាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME យើងបានចែករំលែក ផ្នត់គំនិតសំខាន់ៗមួយចំនួន អំពីរបៀបគ្រប់គ្រងធនធានមនុស្ស ដែលអាចជួយ ឲ្យសហគ្រិន ទទួលបានអត្ថប្រយោជន៍ ពីអាជីវកម្មរបស់ពួកគេបន្ថែម។ នាងខ្ញុំបានចូលរួមវេទិកា ពិភាក្សាការគ្រប់គ្រង ធនធានមនុស្សពីមុនមក តែខ្ញុំឃើញថា វេទិកាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME ដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រូដិនសល ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ថ្ងៃនេះអ្នកចូលរួមរបស់យើង មានភាពស្វាហាប់ ហើយចង់សិក្សាបន្ថែមទៀត” ។

ថ្លែងនៅក្នុងវេទិកា លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting បានមានប្រសាសន៍ថា “ចំណុចសំខាន់មួយ ដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ មុនពេលជ្រើសរើស បុគ្គលិកគឺកម្រិត នៃបទពិសោធន៍របស់ពួកគេ ឧទាហរណ៍ស្វែងយល់ថា តើពួកគេធ្លាប់ធ្វើការនៅ ក្នុងវិស័យណាពីមុខមក… មានបេក្ខជនវ័យក្មេងជាច្រើន ដែលចូលចិត្តរីករាយ នឹងរបៀបរស់នៅរបស់ពួកគេ ដូច្នេះអ្នកត្រូវស្វែងរក យុទ្ធសាស្ត្រ ពេលអ្នកជ្រើសរើសពួកគេ។»

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ប្តេជ្ញាជួយឱ្យអាជីវកម្មខ្នាតធុនតូច និងមធ្យមនៅកម្ពុជា ឱ្យទទួលបានជោគជ័យ តាមរយៈការផ្តល់ជូន នូវផលិតផលធានារ៉ាប់រង អាយុជីវិតលំដាប់ថ្នាក់ល្អបំផុត ដើម្បីបំពេញតាមតម្រូវការ ពារការសុខភាព និងហិរញ្ញវត្ថុរបស់ពួកគេ។ វេទិកា PRUiSME គឺជាការចាប់ផ្តើម នៃកិច្ចសហការគ្នា ជាច្រើនរវាង ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសកម្ពុជា នាពេលអនាគត។

អំពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូន នូវដំណោះស្រាយ នៃសេវាធានារ៉ាប់រង អាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រង អាយុជីវិត ទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយ ប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ថ្ងៃអនាគត របស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយ ដ៏ជោគជ័យ និងច្រើនរូបភាព ក្នុងការផ្តល់ជូន នូវឱកាសក្នុងការការការពារ និងសន្សំជូន អតិថិជនរបស់ខ្លួន។

ក្រុមហ៊ុន ព្រូដិនសល ភី.អិល.ស៊ី គឺជាក្រុមហ៊ុន ដែលផ្តោតតែលើទីផ្សារអាស៊ី ដែលកំពុងមានកំណើនខ្ពស់។ អាជីវកម្មនេះ ជួយបុគ្គលម្នាក់ៗ ឱ្យរួចផុតពីហានិភ័យក្នុងជីវិត និងដោះស្រាយនូវកង្វល់ ផ្នែកហិរញ្ញវត្ថុធំបំផុត តាមរយៈសេវាធានារ៉ាប់រង អាយុជីវិត និងសុខភាព ហើយនិងដំណោះស្រាយ ពេលចូលនិវត្តន៍ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយត្រូវបានចុះបញ្ជី ក្នុងផ្សារហ៊ុននៅទីក្រុងឡុង ទីក្រុងហុងកុង ប្រទេសសិង្ហបុរី និងទីក្រុងញូវយ៉ក។

ក្រុមហ៊ុន ព្រូដិនសល ភី.អិល.ស៊ី. មិនមានទំនាក់ទំនងជាមួយ ក្រុមហ៊ុនព្រូដិនសល ហិរញ្ញវត្ថុ (Prudential Financial, Inc) ដែលជាក្រុមហ៊ុនដែលមានទីតាំង អាជីវកម្មធំនៅសហរដ្ឋអាមេរិក និងមិនមានទំានាក់ទំនង ជាមួយក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ព្រូដិនសល (Prudential Assurance Company) ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន M&G ភីអិលស៊ី ដែលជាក្រុមហ៊ុន រួមបញ្ចូល នៅក្នុងចក្រភពអង់គ្លេស។

To Top