ព័ត៌មានជាតិ

មានសន្តិភាព ទើបមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យ ព្រះពុទ្ធសាសនាផងដែរ

ស្វាយរៀង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុនឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗ នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ឬវត្តចេកវ៉ា ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បម្រើក្នុងវិស័យព្រះពុទ្ធសាសនា ឋិតនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ថ្លែងនាក្នុងឱកាសនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា សមិទ្ធផលថ្មីៗ ជាច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលកើតមានឡើង នៅក្នុងទីវត្តអារាមនេះ ក៏ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍ ប្រកបដោយចីរភាព ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសមួយនេះ ឱ្យឈានទៅរកភាព រីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យ ព្រះពុទ្ធសាសនាផងដែរ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា បើគ្មានសន្តិភាពក៏មិនមានឱកាស ដ៏សោមន្សរីករាយ ជួបជុំបងប្អូនប្រជាពលរដ្ឋ នៅពេលនេះដែរ ពិសេសនោះ ក៏មិនអាចកើតមាននូវសមិទ្ធផលថ្មីៗច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា ដូចនៅក្នុងវត្តបជ្ជិនវាសនេះដែរ ។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានថ្លែងបញ្ជាក់ថា វត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ឬវត្តចេកវ៉ា មានទីតាំងស្ថិតិនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ភាគខាងអាគ្នេយ៍ នៃប្រទេសកម្ពុជាជាប់ព្រំប្រទល់ ជាមួយប្រទេសវៀតណាម។ វត្តបជ្ជិនវាស មានអាយុកាលប្រហែល ១៥៧ឆ្នាំ ពោលគឺបានកសាងតាំង ពីសម័យអាណានិគមបារាំងក្នុងអំឡុងឆ្នាំ១៨៦៣ និងមានការផ្លាស់ប្តូរទីតាំងចំនួន ៣លើក ហើយឈ្មោះរបស់វត្តបានប្រែប្រួលទៅតាមសម័យកាលនីមួយៗ៖
-លើកទី១៖ កាលពីដំបូង វត្តនេះមានឈ្មោះថា វត្តចឹកវ៉ា មានទីតាំងនៅខាងលិច ស្ពានចឹកវ៉ា ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ព្រះគ្រូចៅអធិការ និងព្រះគ្រូអាចារ្យជំនាន់នោះមិនបានចាំឈ្មោះនោះទេ ។
-លើកទី២៖ វត្តនេះត្រូវបានប្តូរទីតាំងទៅទិសខាងកើត នៃទីតាំងវត្តបច្ចុប្បន្ន ហើយបានប្តូរឈ្មោះថា វត្តចាស់ ឬវត្តចឹកវ៉ា ស្ថិតនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ព្រះគ្រូចៅអធិការ និងព្រះគ្រូអាចារ្យជំនាន់នោះ ក៏មិនបានចាំឈ្មោះផងដែរ។
-លើកទី៣៖ វត្តនេះត្រូវបានប្តូរទីតាំងទៅទិសខាងកើត នៃទីតាំងវត្តបច្ចុប្បន្ន ហើយប្តូរឈ្មោះថា វត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែលមានព្រះគ្រូចៅអធិការ ព្រះនាម ព្រះគ្រូឈុត្តញាណោ មាស យី ហៅ ចាប លាស់ ដែលកំពុងដឹកនាំដល់សព្វថ្ងៃ។

ស្នាព្រះហស្ថព្រះគ្រូចៅអធិការគ្រប់ជំនាន់កសាងបានសមិទ្ធផលជាច្រើនរួមមានព្រះវិហារ កុដិ សាលាឆាន់ សាលាពុទ្ធិកបឋមសិក្សា របងវត្ត វច្ចកុដិ ដាំកូនឈើ និងឈើហូបផ្លែជាច្រើនដើម។

ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ វត្តបជ្ជិនវាស ជាកន្លែងសមរភូមិដ៏ក្តៅគគុក ដោយមានការបាញ់ផ្លោង ទម្លាក់គ្រាប់ធ្វើឱ្យព្រះវិហារ សាលា ព្រះបដិមា កុដិព្រះសង្ឃខួចខាតយ៉ាងដំណំ ហើយពុទ្ធបរិស័ទក៏បានភៀស ខ្លួនគ្រប់កន្លែង។ នៅរបបប្រល័យពូជសាសន៍ពី ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ វត្តនេះក្លាយជាទីលានបញ្ជាន់ស្រូវ ព្រះសង្ឃដែលជាព្រះចៅអធិការព្រះនាម ស្វាយ កើត ត្រូវបានពួក ប៉ុល ពត ចាប់ផ្សឹក និងធ្វើទុក្ខបុកម្និញរហូតទទួលមរណភាព យ៉ាងវេទនាបំផុត។

សូមសូមបញ្ជាក់ថាពិធីសម្ពោធសមិទ្ធផលថ្មីៗក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងបជ្ជិនវាស នាព្រឹកមិញនេះ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទលោកយាយ លោកតា សិស្សានុស្សិស ព្រមទាំងលោកគ្រូ អ្នកគ្រូ សរុបប្រមាណជាង ១០០០នាក់ ៕

To Top