ព័ត៌មានជាតិ

វិទ្យាស្ថានគរុកោសល្យ បាត់ដំបង និងភ្នំពេញ សាងសង់សម្រេចបាន ៣៣% ចំណាយថវិកាជាង ២២លានដុល្លារ ក្រោមជំនួយជប៉ុន

ភ្នំពេញ៖ លោក SAKAKURA ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោកល្យ អះអាងថា គិតមកដល់ពេលនេះ វិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបងនិងរាជធានីភ្នំពេញ សាងសង់សម្រេចបានចំនួន ៣៣ភាគរយហើយ ដោយប្រើប្រាស់ថវិកា សរុបប្រមាណជាង ២២លានដុល្លារ បូកបញ្ចូលទាំងសម្ភារៈបរិក្ខានានា។

ក្នុងសេចក្ដីសង្ខេប អំពីគម្រោងសាងសង់ វិទ្យាស្ថានគរុកោសល្យ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ លោក SAKAKURA បានថ្លែងថា “ចឹងសម្រាប់អគារ ប្រើប្រាស់ ២០លានដុល្លារហ្នឹង គឺយើង បានប្រើប្រាស់សម្រាប់ទី តាំងភ្នំពេញនិងបាត់ដំបង ដោយបាត់ដំបងមាន៥ខ្នង និងភ្នំពេញមាន៤ខ្នង ប៉ុន្តែសម្រាប់តែការសាងសង់ទេ តែជាមួយសម្ភារៈសិក្សា អីផ្សេងៗហ្នឹង ប្រហែលជា ២លានដុល្លារទៀត ហើយគិតមកដល់ត្រឹមចុងខែ ២នេះ គឺយើងសម្រេចបាន ៣៣ភាគរយហើយ”។

លោក SAKAKURA បញ្ជាក់ថា សម្រាប់គម្រោងសាងសង់ អគារវិទ្យាស្ថានទាំងពី ទីតាំងនេះ សម្រាប់ខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ នៅខែតុលា និងទីតាំងភ្នំពេញបញ្ចប់នៅខែវិច្ឆិការឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា វិទ្យាស្ថានគរុកោសល្យ ទាំងពីរទីតាំងនេះ នឹងក្លាយទៅជាវិទ្យាស្ថានដែលផ្ដល់ ការអប់រំដល់គ្រូបង្រៀន ដល់កម្រិតបរិញ្ញាប័ត្រ តាមរយៈការពង្រឹង ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ ដែលនឹងចាំបាច់ សម្រាប់ការរៀននិងបង្រៀន ដល់សាលាគរុកោសល្យទាំងពីរដែមមានស្រាប់៕

ដោយ៖ ធី លីថូ

To Top