ព័ត៌មានជាតិ

វិបត្តិជំងឺកូវីដ១៩! ក្រសួងអប់រំ ឲ្យគ្រឹះស្ថាន សិក្សាគ្រប់កម្រិត នៅទូទាំងប្រទេស ឈប់សម្រាក ខណៈក្រសួងសុខាភិបាល ណែនាំឲ្យមន្រ្តីចត្តាឡីស័ក ដាក់ខ្លួនឯង នៅដោយឡែក១៤ថ្ងៃ

ភ្នំពេញ ៖ ក្រោយវីរុសកូរ៉ូណា ឬហៅថាជំងឺកូវីដ-១៩ កំពុងរីករាលដាល ស្ទើរពាសពេញសកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរនោះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចឲ្យ សិស្ស-និស្សិត ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះតទៅ ហើយក្រសួងសុខាភិបាល ក៏បានណែនាំ អំពីវិធីការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ចំពោះបុគ្គលណាធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

តាមរយៈសេចក្ដីណែនាំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានណែនាំ ស្ដីពី ការចាប់ផ្ដើមវិស្សមកាលតូច និងការឈប់សម្រាក មុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសារធារណៈ និងឯកជន នៅទូទាំងប្រទេស។

លោក ហង់ជួន ណារ៉ុន បន្ដថា ផ្អែកតាមរបាយការណ៍ ស្ថានភាពរាតត្បាតនៃវីរុស កូវីដ-១៩ របស់អង្គការសុខភាពពិភពលោក ព្រមទាំង ការរកឃើញជាបន្ដបន្ទាប់ នូវវិជ្ជមាន កូវីដ-១៩ លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកម្ពុជា ដែលតម្រូវឲ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំ របស់រដ្ឋាភិបាល ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សា គ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ដូចជា ៖

ទី១-គ្រឹះស្ថានចំណេះទូទៅ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា គ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តវិស្សមកាលតូច មុនកាលកំណត់ ចាប់ពីថ្ងៃទទួលបានសេចក្ដីណែនាំនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ សម្រាប់សាលារៀន ដែលមិនទាន់បញ្ចប់ ការវាយតម្លៃលទ្ធផលសិក្សា របស់សិស្សក្នុងឆមាសទី១ ត្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យម នៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១។

ទី២-គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវអនុញ្ញាតឲ្យគរុសិស្ស គរុនិស្សិត ឈប់សម្រាក ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះ រហូតដល់មានការជូនដំណឹងថ្មី ។ ត្រូវប្រមូលព័ត៌មាន នូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សារបស់គរុសិស្ស គរុនិស្សិត និងបុគ្គលិកអប់រំ ទៅកាន់្រទេស ដែលមានផ្ទុះជំងឺ កូវីដ-១៩ ក្នុងអំឡូងពេល១៤ថ្ងៃ មុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ប្រសិនបើមាននិស្សិត ដែលធ្លាប់ចេញទៅក្រៅប្រទេស មានការសង្ស័យបញ្ហាសុខភាព អាចទាក់ទងទៅលេខ ១១៥ ។

ទី៣-មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ចាត់តាំងក្រុមការងារ ទប់ស្ដាត់ការរីករាលដាល កូវីដ-១៩ ដើម្បីតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើង ចំពោះបុគ្គលិកអប់រំ និងសិស្សានុសិស្ស និងផ្តល់ព័ត៌មានដល់ក្រសួងអប់រំ រៀងរាល់ថ្ងៃ ។

និងទី៤-មាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្រសួងលើកទឹកចិត្ត ជំរុញឲ្យកូនចៅ ធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងខ្ពស់ ដូចជាកន្លែងហែលទឹក កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀត ដែលមានហានិភ័យជំងឺ កូវីដ-១៩។

ដោយឡែក សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ មីនានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីសុខាភិបាល ណែនាំដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរយៈពេល ១៤ថ្ងៃ នៅក្នុងបន្ទប់ដាចដោយឡែក ដូចជា ៖បន្ទប់ត្រូវមានខ្យល់ចេញចូលល្អ ប្រសិនបើបន្ទប់តែមួយ មិនអាចធ្វើបាន ត្រូវរក្សាចម្ងាយយ៉ាងហោចណាស់ ២ម៉ែត្រ ពីសមាជិកគ្រួសារ។ កាត់បន្ថយ ការប្រើប្រាស់កន្លែងទំនេររួម និងកាត់បន្ថយកន្លែងរស់នៅរួមគ្នា (ផ្ទះបាយ បន្ទប់ទឹក ជាដើម)។ ក្នុងអំឡុងពេល១៤ថ្ងៃនេះ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងរោគសញ្ញា រួមមាន កំដៅ ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងៗទៀត។

លោកបន្ដថា បើមានរោគសញ្ញាណាមួយខាងលើ ឬបញ្ហាសុខភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍១១៥ អភិបាល រាជធានី-ខេត្ត ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ប្រធានការិយាសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់ លោកអ្នក។

លោកបន្ថែមថា ត្រូវអនុវត្តអនាម័យលាងដៃ ឲ្យបានញឹកញាប់ ជាពិសេស បន្ទាប់ពីប៉ះពាល់ ជាមួយទឹករំអិលផ្លួវដង្ហើម។ ខ្ទប់ច្រមុះ និងមាត់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្ដាស់ រួចបោះចោលក្រដាសអនាម័យនោះចោលភ្លាម ទៅក្នុងធុងសម្រាមត្រឹមត្រូវ។ ត្រូវសម្អតបន្ទប់ស្នាក់នៅ និងបន្ទប់ទឹកឲ្យបានជាប្រចាំ ជាពិសេសត្រូវសម្អាតជានិច្ច និងបោកគក់សម្លៀកបំពាក់ ស្រោមពូក ខ្នើយ និងគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បញ្ជាឲ្យ អាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលមូលដ្ឋាន ត្រូវតាមឃ្លាំមើលជានិច្ច ដើម្បីឲ្យប្រាកដថា បុគ្គលដែលត្រូវបានធ្វើចត្តាឡីស័ក ដោយខ្លួនឯង អនុវត្តបានត្រឹមត្រូវ តាមការណែនាំនេះ។

សូមរំលឹកថា គិតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺ កូវីដ-១៩ ចំនួន១៤ករណី រួមមាន ៖ ទី១-បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ,ទី២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ,ទី៣-ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ,ទី៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ,ទី៥-ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ,ទី៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ,ទី៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ,ទី៨-បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ,ទី៩-កូនរបស់ជនជាតិបារាំង ឈ្មោះ Michelle Dizuz Cruz អាយុ៣៥ឆ្នាំ ,ទី១០-បុរសជនជាតិខ្មែរ ក្រោយពីវិលត្រឡប់ មកពីប្រទេសបារាំងវិញ និងទី១១-១២-ខ្មែរឥស្លាម ចំនួន២នាក់ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ និងម្នាក់ទៀត អាយុ ៣៩ឆ្នាំ៕ ដោយ៖ អេង ប៊ូឆេង

To Top