ព័ត៌មានជាតិ

ខេត្តកំពង់ចាមបង្កើត គណៈកម្មការដើម្បី ប្រយុទ្ធនិងជម្ងឺ ( Covid-19 )

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ នេះ បានបើកកិច្ចប្រជុំ ដើម្បីបង្កើតគណកម្ម ការប្រយុទ្ធនឹងជំងឺ Covid-19 ។ 

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពី រាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (CoVID-19) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន ។ សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្កើតនូវគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្ត របស់ខ្លួនដែរ  ដែលមានលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាប្រធានគណៈកម្មការ រួមនិង មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតជាសមាជិក ។ 

មន្ត្រីដដែលបានបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តកំពង់ចាម បានចូលរួមយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា  រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ពោល បានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចាត់ចែងអនុវត្តនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

To Top