ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍-ប៊ិនហៀប

ស្វាយរៀង ៖ លោក ម៉ែន វិបុលអភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រង និងការពង្រឹងកិច្ចអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើង នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កន្លងមកបានខិតខំអនុវត្តតួនាទី ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹង កិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយនឹងភាគីវៀតណាម ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជម្រាបជូន អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញនាពេលថ្មីៗនេះ ដោយតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរ ចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជា តាមគ្រប់រូបភាព ដែលបានចូលជាធរមានរួចហើយ កាលពីវេលាម៉ោង ២៣:៥៩នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយដែលវិធានការនេះ ធ្វើឡើងគ្មានអ្វីក្រៅពី គោលបំណងបញ្ចៀស នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន បានក្លាយជារបៀបវារៈរួម របស់ពិភពលោក តំបន់ ក៏ដូចជាប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងប្រភេទថ្មីនេះ ។

លោកម៉ែន វិបុល បានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានម៉ឺងម៉ាត់ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែន រវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ដោយឡែក ចំពោះការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួល ជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាព លំហូរចរាចរទំនិញនាំចេញ-នាំចូល ឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការរួមគ្នា ពង្រឹងកិច្ចអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារ ដែលណែនាំដោយចត្តាឡីស័ក ដូចជាការបាញ់ថ្នាំ កម្ចាត់មេរោគ លើរថយន្តដឹកទំនិញជាដើម ហើយលោក នឹងចាត់មន្ត្រីចត្តាឡីស័ក និងមន្ត្រីបសុពេទ្យ មកប្រចាំការរហូត ដល់ស្ថានភាព នៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ដើម្បីចូលរួមពង្រឹងអនុវត្ត នូវវិធានការនេះ ៕

To Top