ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ដាក់ចេញបទបញ្ជា ចំនួន៤ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវបទបញ្ជាចំនួន ៤ដើម្បីទប់ស្កាត់ និងកាត់បន្ថយ ឱ្យបានជាអតិបរមា នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅ ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ ដោយសម្រេចប្រកាស រឹតបន្តឹងការអនុវត្តច្បាប់ ស្តីចរាចរណ៍ផ្លូវគោក ចាប់ពីឆ្នាំ២០២០នេះតទៅ ។

ការដាក់បទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវបទបញ្ជា ដូចខាងក្រោម ៖

ទី១៖ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ ចំពោះការប្រកាន់យកវិធានការច្បាប់ ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោក ដើម្បីចៀសវាង ពីការប្រឈម ចំពោះផ្លូវច្បាប់ គឺត្រូវគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានល្អខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត ខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ ។

ទី២៖ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ ។

ទី៣៖ដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមនិតិវិធីច្បាប់នូវរាល់បទល្មើស ចរាចរណ៍ផ្លូវគោកប្រកប ដោយតម្លាភាព ស្មើរភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលគេចខ្លួន យកមកផ្តន្ទាទោស តាមច្បាប់ឱ្យបានជាដាច់ខាត។

ទី៤ ៖ថ្នាក់ដឹកនាំនគរបាល ចរាចរណ៍ត្រូវរៀបចំផែនការ សកម្មភាព និងរៀបចំកម្លាំង ដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការ អនុវត្តច្បាប់ របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទ របស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវ នៃការអនុវត្តច្បាប់ របស់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ វិន័យ ឱ្យស័ក្តិសមជាមន្ត្រី អនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ ។ ត្រូវផ្តល់រង្វាន់តាមការកំណត់ របស់រដ្ឋជាមួយការ លើកសរសើរ ចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្មឬ មន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ក៏សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នឹងបន្តយកកម្លាំងកាយ ប្រាជ្ញា ស្មារតីខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបានជាអតិបរមា និងស្នើឱ្យអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងមាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និង សុវត្ថិភាព ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែប្រសើរជាលំដាប់ ៕

To Top