Covid-19

ក្រសួងការពារជាតិប្តេជ្ញាប្រយុទ្ធ ប្រឆាំងការរីករាលដាលកូវីដ១៩ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ស្របពេលដែលកម្ពុជាកំពុងជួបនូវ វិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩នោះ នាយឧត្តមសេនីយ៍ឈុំ សុជាតិ រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាមួយ នឹងវីរុសកូវីដ១៩នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងការពារជាតិ” នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ឈុំ សុជាតិបានថ្លែងថា “ឆ្លៀតឱកាសដែលកូវីដ១៩ កំពុងតែវាយលុក ទូទាំងប្រទេសនេះ យើងក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការរួមសហការ ជាមួយប្រជាពលរដ្ឋយើង ទប់ស្កាត់ការាលដាល ការឆ្លងមេរោគ១៩នេះ ហើយទន្ទឹមហ្នឹងយើងមិនត្រឹមតែទប់ស្កាត់ទេ យើងបានធ្វើចលនាផ្សេងៗទៀត ដូចជាការការពារសន្តិសុខ តាមបណ្ដោយព្រំដែន សន្តិសុខផ្ទៃក្នុង ហើយយើងរួមធ្វើការសមយុទ្ធជាមួយកងទ័ពចិនទៀត។

ដូច្នេះបង្ហាញអ្វីដែលជាចំណុចខ្លាំង របស់កងទ័ពយើង ខេមរភូមិន្ទយើង គឺយើងមិនមានអ្វីត្រូវអន់ថយ ត្រូវចុះចាញ់នូវកូវីដ១៩ទេ យើងត្រូវប្ដេជ្ញាចិត្តខ្ពស់ ហើយមកដល់ឥឡូវនេះ យើងមិនទាន់មានកងទ័ពណា មួយទទួលបានគ្រោះថ្នាក់ដោយសារ ការឆ្លងកូវីដ១៩ទេ នេះជាមោទនៈភាពមួយនៃការគ្រប់គ្រងកងទ័ព យើងមានកម្មវិធីហ្វឹកហ្វឺន កម្មវិធីរស់នៅ និងកម្មវិធីរៀនសូត្របានល្អ តាមអង្គភាព ដូច្នេះយើងបានជៀសផុត នៃការឆ្លងកូវីដ១៩ យើងនឹងព្យាយាម ថែរក្សាបន្ថែមទៀត ដើម្បីកុំឲ្យកងទ័ពយើងណាម្នាក់កើតមានកូវីដ១៩នេះ”។

នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា កងទ័ពនឹងឈរនៅជាមួយប្រជាពលរដ្ឋជានិច្ច ទោះបីជាមានបញ្ហាអ្វីមួយកើតឡើងធ្ងន់ធ្ងរ ចំពោះប្រទេសជាតិ ដោយជាក់ស្ដែងកម្ពុជា កំពុងជួបនូវការរាតត្បាតពីវីរុសកូវីដ១៩នេះ ហើយកងទ័ពបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយរារដ្ឋាភិបាល ប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩នេះឲ្យទទួលបានភាពជោគជ័យ ដែលនេះជាសញ្ញាណមួយបញ្ជាក់ថា កងទ័ពមិនរត់ចោល រាជរដ្ឋាភិបាលនិងប្រជានកម្ពុជាឡើយ ។

ពាក់ព័ន្ធបញ្ហាព្រំដែនវិញ អ្នកនាំពាក្យអះអាងថា មិនមានបញ្ហារំលោភបំពានមកលើទឹកដីកម្ពុជាពីសំណាក់បណ្ដាប្រទេសជាប់ព្រំដែនណាមួយ ដូចដែលពាក្យចាមរាមនិយាយឡើយ។

នាយឧត្តមសេនីយ៍បន្ថែមថា “ក្នុងខែកន្លងមកនេះ យើងមិនមានដំណឹងអំពីការរំលោភឬការបំពានតាមបណ្ដោយព្រំដែនទេ យើងអត់ទាន់មានទេបាទ។ ហើយកម្លាំងយើង បានឈរយាម ជានិច្ចកាល នៅតាមព្រំដែន គឺនៅតែរក្សាស្ថានភាពល្អប្រសើរជានិច្ច ក្នុងភាពជាម្ចាស់ជានិច្ចនៅតាមបណ្ដោយព្រំដែន ទាំងឡាវ ទាំងថៃ ទាំងវៀតណាមគឺកម្លាំងយើងនៅដដែល ធ្វើម្ចាស់ការដដែលអត់មានសភាពការណ៍ អ្វីកើតឡើងប្រែប្រួលទេបាទ”៕

ដោយ៖ ធី លីថូ

To Top