ព័ត៌មានជាតិ

អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំស្រុកសៀមប៉ាង ចំណាយថវិកា ទិញចំណីចិញ្ចឹមសត្វត្មាត ក្នុងមួយខែ៣ដង អស់ជាង ១០០០ដុល្លារ

ភ្នំពេញ៖ សត្វត្មាតនិងពួកសត្វស្លាប ផ្សេងៗទៀត កំពុងរស់នៅតំនប់ព្រៃអភិរក្ស ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំនៅស្រុកនេះ ចំណាយថវិកាជាង១០០០ដុល្លារ ទិញចំណីអាហារបន្ថែមឱ្យស៊ី ក្នុងមួយខែ៣ដងជាពិសេស នៅក្នុងរដូវដែលវាកំពុងពងកូន។

នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

លោកបន្តថា “នៅក្រុមអភិរក្ស បានផ្តល់អាហារបន្ថែម ឱ្យសត្វត្មាតនិងសត្វស្លាប ផ្សេងៗទៀតក្នុងមួយខែ៣ដងជាប្រចាំ ដើម្បីយើងអភិរក្សពពួកសត្វដ៏កម្រ ទាំងនេះឱ្យនៅគង្គវង្ស នឹងរក្សារវាឱ្យនៅក្នុងព្រៃទឹកដីយើង កុំឱ្យវាទៅរស់នៅព្រៃប្រទេសឡាវ ព្រោះខ្លាចត្រូវគេសម្លាប់វា”។

លោកបន្តទៀតថា បច្ចុប្បន្ននៅពេលអង្គការ ជីវិតសត្វស្លាបអន្តរជាតិ ដាក់ចំណីឱ្យម្តងៗ សង្កេតឃើញមានសត្វត្មាត និងសត្វស្លាបផ្សេងៗទៀត មកស៊ីចន្លោះ ចាប់ពី៩០ក្បាល់ទៅ១២០ក្បាលតែប៉ុណ្ណោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត- ត្មាតផេះ- ត្មាតភ្លើង- ត្រយ៉ងយក្ស- ត្រយ៉ងចង្កំក៍ស- ត្រយ៉ងអង្កត់ខ្មៅ- ត្រដក់តូច- ត្រដក់ធំ- ត្រដក់ត្រីប្រផេះ- ឥន្ទ្រីខ្មៅ- និងសត្វក្អែកព្រៃ ដែលមានរស់នៅ តំបន់ព្រៃអភិរក្សនេះ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ការអភិរក្សសត្វស្លាបនេះ ប្រជាពលរដ្ឋកម្ពុជា បានភ្ញាក់រលឹកចូលរួមច្រើន ព្រោះពួកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះ វាអាចបំរើឱ្យវិស័យទេសចរណ៍ ដោយសារភ្ញៀវទេសចរ មកលេងចង់មើលសត្វត្មាតទាំងនេះ។

លោកបន្ថែមថា ប្រជាពលរដ្ឋនៅឃុំព្រែកមាស និងឃុំថ្មកែវ ជិតតំបន់អភិរក្ស បានងាកមកធ្វើស្រូវ ត្រយ៉ងយក្សគ្រប់ៗគ្នា ព្រោះនៅពេលបានផល ក្រុមអភិរក្សសត្វត្មាត ធ្វើការប្រមូលទិញ ក្នុងតំលៃខ្ពស់ ដែលជាយន្តការមួយ ជំរុញឱ្យប្រជាពលរដ្ឋ បញ្ឈប់ការចូលព្រៃបរបាញ់សត្វ នឹងពឹងផ្អែកលើផលអនុផលព្រៃឈើ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ២០២០នេះ ក្រុមអភិរក្សសត្វស្លាប នឹងធ្វើបរិមាណ ចំនួនសត្វ ដែលរស់នៅតាមរយៈការផ្តល់អាហារ ក្នុងទូទាំងប្រទេស ជាពិសេសនៅតាមខេត្ត ដែលមានសត្វត្មាតរស់នៅ ដូចជា:ខេត្តក្រចេះ -មណ្ឌលគីរី -រតនគីរី-ព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលមានសត្វត្មាត រស់នៅច្រើនជាងគេ។

សូមរំលឹកថា ការផ្តល់ចំណីក្នុងមួយខែ៣ដង ជាប្រចាំនេះ គឺអង្គការជីវិតសត្វស្លាបអន្តរជាតិបាន
ទិញគោ ឬក្របី ដែលត្រូវចំណាយថវិកាជាង១០០០ដុល្លារ ជារៀងរាល់ខែ ដើម្បីបង្គ្រប់បន្ថែម ទៅលើអាហារព្រៃ ព្រោះនៅរដូវនេះ ជារដូវវាបន្តពូជនិងពងកូន៕ ដោយ៖ធី លីថូ

To Top