ព័ត៌មានជាតិ

ជប៉ុន ចូលរួមវិភាគទាន ជាថវិកាជិត១លានដុល្លារ ដល់អង្គការយូនីសេហ្វ ដើម្បីឆ្លើយ តបកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ជប៉ុន ចូលរួមវិភាគទាន ប្រហែល៩៧ម៉ឺនដុល្លារ ដល់អង្គការយូនីសេហ្វ ដើម្បីជួយលើក កម្ពស់គុណភាព ជីវិតរបស់ប្រជាជន និងឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ នៅកម្ពុជា ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ចូលរួមដំណើរ ទស្សនកិច្ច នៅកាន់សាលា សង្កាត់ និងជួបជាមួយមន្រ្តីមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ឧសភា ។

ក្នុងដំណើរចុះទស្សនកិច្ច លោក បានចូលរួមក្នុងសកម្មភាព ក្នុងតំបន់រួមមានការបិទផ្ទាំងរូប ភាពនៅតាមផ្លូវ ព្រមទាំង ចែកចាយសម្ភារៈអនាម័យ និងខិតប័ណ្ណជាដើម ។
នៅក្នុងជំនួបជាមួយ មន្រ្តីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែង របស់មន្ទីរ ក្នុងការបង្កើត បរិយាកាសល្អប្រសើរ សម្រាប់ប្រជាជនស្ត្រី និងកុមារដែលងាយរងគ្រោះបំផុត នៅក្នុងកំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ជប៉ុន រួមមានការចូលរួមវិភាគទានចំនួនប្រហែល៩៧ម៉ឺនដុល្លារ ដល់អង្គការយូនីសេហ្វ ដើម្បីជួយ ដល់ការលើកកម្ពស់គុណភាព ជីវិតរបស់ពួកគេ និងការឆ្លើយតបទៅនឹងវីរុសឆ្លង នៅកម្ពុជា ៕ ដោយ ៖ អេង ប៊ូឆេង

To Top