ភ្នំពេញ៖ ការតវ៉ាប្រឆាំង នឹងមរណភាព របស់បុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd បានរាលដាលទូទាំង សហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថា ការតវ៉ានេះនឹងបន្តចូលថ្ងៃទី ៥ នៅរដ្ឋមីនីសូតា និងទូទាំងសហរដ្ឋអាមេរិក ចំណែក កងកម្លាំងការពារ ត្រូវបានដាក់ឲ្យប្រតិបត្តិការ នៅទីក្រុង វ៉ាស៊ីនតោន ដើម្បីជួយការពារសេតវិមាន ខណៈក្រុមបាតុកររាប់រយនាក់ ត្រូវបានចាប់ខ្លួនផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ហាងនានា ត្រូវបានគេចូលលួច ហើយស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវបានដុតបំផ្លាញ នៅទីក្រុង Minneapolis ពេញមួយយប់ ខណៈដែលកុប្បកម្មបានបន្ត។
កាលពីដើមសប្តាហ៍នេះ ឆ្មាំជាតិត្រូវបានបញ្ជូន ទៅតំបន់នោះ ដើម្បីគ្រប់គ្រងស្ថានការណ៍។
លោក Jacob Frey អភិបាលក្រុង បានប្រកាសបម្រាមគោចរ ក្នុងគោលបំណង រារាំងការកើនឡើង នៃអំពើហឹង្សានេះ។
អតីតមន្រ្តីប៉ូលិសក្រុង Minneapolis លោក Derek Chauvin ដែលត្រូវបានគេថតរូបភាព យកជង្គង់សង្កត់ក របស់លោក George Floyd រយៈពេលជាង ៧ នាទីក្នុងពេលចាប់ខ្លួននោះ គឺត្រូវបានគេចោទប្រកាន់ ពីបទឃាតកម្ម និងឃាតកម្មកម្រិតទី ៣។
យោងតាមសេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងការជាតិអាមេរិក នៅលើបណ្ដាញសង្គមហ្វែសប៊ុក បានឲ្យដឹងថា កងកម្លាំងការពារ នាពេលថ្មីៗនេះ ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយប៉ូលិសគ្រប់គ្រងបាតុកម្ម នៅជុំវិញសេតវិមាន។
នៅទីបំផុត កងកម្លាំងការពារជាតិវ៉ាស៊ីនតោន ហៅកាត់ថា DCNG បានរាយការណ៍ ប្រាប់ទៅលោកប្រធានាធិបតី ប៉ុន្តែបានដាក់ ឲ្យប្រតិបត្តិការយ៉ាងសកម្ម ទៅតាមទិសដៅ របស់លេខាធិការកងទ័ព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយកាសែត CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកឧត្តមសេនីយ៍ William J. Walker បានមានប្រសាសន៍ដូច្នេះថា “កងកម្លាំង DCNG តែងតែត្រៀមលក្ខណៈជាស្រេច ដើម្បីជួយស្រុក និងភ្នាក់ងារសហព័ន្ធនានា ការពារជីវិមនុស្ស និងទ្រព្យសម្បត្តិ។ កងកម្លាំង DCNG គឺត្រូវបានហ្វឹកហាត់យ៉ាងពិសេស និងបំពាក់សម្រាប់បេសកកម្មគាំទ្រប៉ូលិស នៅឧទ្យានអាមេរិក ហើយយើង មានមោទនភាពទទួលយកវា”។
ចំណែកទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីទី៣០ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ក្រុមអ្នកតវ៉ានៅរដ្ឋម៉ូនីសូតា បានផ្ទុះអំពើហិង្សា ក្រោយមានករណីស្លាប់ បុរសស្បែកខ្មៅ ឈ្មោះ George Floyd នៅក្រុងញ៉ូវយ៉ក កាលពីយប់ថ្ងៃសុក្រ ដែលមានអ្នក តវ៉ាប្រមាណ ២០០នាក់ ត្រូវបានគេចាប់ខ្លួន ។
អណ្តាតភ្លើង នៃភាពតានតឹង បានកើតឡើង បន្ទាប់ពីមានបាតុកម្ម សន្តិភាពពេញលេញមួយ កាលពីរសៀលថ្ងៃសុក្រ ។ នៅក្រុង Brooklyn មានពលរដ្ឋជាច្រើន បានប៉ះទង្គិចគ្នា ជាមួយក្រុមមន្ត្រី និងបានដុតបំផ្លាញ រថយន្តរបស់ប៉ូលិស ១គ្រឿង និងបង្កការខូចខាត រថយន្តផ្សេងៗទៀត ។ នៅក្នុងតំបន់ផ្សេងៗទៀត ក្រុមអ្នកតវ៉ា បានគ្រវែងដបទឹកសុទ្ធ ដាក់ប៉ូលិស ។ ខ្សែវីដេអូ បានបង្ហាញឲ្យដឹង នៅលើអនឡាញ ។
កាសែត The New York Times បានរាយការណ៍ឲ្យដឹងថា មានការចាប់ខ្លួន មនុស្សប្រមាណ ២០០នាក់ ភាគច្រើនមានរបួសតិចតួច ។ ក្រុមមន្ត្រីមួយចំនួន បានរងរបួស ។ លោក Floyd មានវ័យ៤៦ឆ្នាំ ជាបុរសស្បែកខ្មៅ ហើយត្រូវបានមន្ត្រីប៉ូលិស ដែលមានស្បែកស បានចាប់ខ្លួនរូបគាត់ និងបានគ្រៀកផ្ទប់នឹងដី ដោយយកជង្គង់សង្កត់ក របស់គាត់ រយៈពេល៨នាទី កាលពីល្ងាចថ្ងៃចន្ទ នៅក្រុង Minneapolis នៅរដ្ឋ Minnesota ។ ក្រោយមកលោក Floyd បានបាត់បង់ស្មារតី និងក្រោយមកទៀត បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង ៕