ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ប្រាប់ពលរដ្ឋ ឲ្យរាយការណ៍ទៅលេខ ១១៧ បើសិនឃើញរថយន្ដ Rolls-Royce និង Mercedes ពាក់ផ្លាកលេខក្លែងក្លាយ «នគរបាល 2-7715»

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ ទទួលផែនចរាចរណ៍ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ ឃើញរថយន្ដ Rolls-Royce និង Mercedes ដែលពាក់ផ្លាក លេខ ក្លែងក្លាយ «នគរបាល 2-7715» ត្រូវរាយការណ៍ទៅលេខ១១៧ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធាន ការភ្លាមៗ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ថា នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ ១១៧ ហៅចូលដោយឥតគិតថ្លៃ»។

សូមរំលឹកថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook បង្ហោះរថយន្ដ Rolls-Royce និង Mercedes ពាក់ផ្លាកលេខ នគរបាល 2-7715 ដូចគ្នា ដែលបង្កឲ្យមានការរិះគន់ យ៉ាងខ្លាំងផងដែរ ៕ ដោយ៖ អេង ប៊ូឆេង

To Top