ភ្នំពេញ ៖ អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាថ្មី មានរចនាបទ៣រួមបញ្ជូលគ្នា ,ទី១-រចនា បថប្រាសាទអង្គរវត្ត ,ទី២-រចនាបថបន្ទាយស្រី និងទី៣-រចនាបថកណ្ដាល ដែលរួមបញ្ចូលគ្នាហៅថា «រចនាបថរួមសម័យ»។
អគារគណបក្ស ប្រជាជនកម្ពុជាថ្មី ដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់ឡើងរំលេច ដោយក្បូរក្បាច់រចនាបថខ្មែរ ដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញ ចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសាធារណជន ដែលស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជា នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យបានឲ្យដឹងថា អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារគណបក្សចាស់ ដែលមានទំហំដី ប្រមាណ ១.៦ហិកតា ដែល មានកម្ពស់៥ជាន់ ហើយទំហំប្រមាណ ៥០,០០០ម៉ែត្រ ក្រឡា និងសាងសង់បាន៩៥%ហើយ។
អគារនេះ មានបណ្ដោយ១៥០ម៉ែត្រ ទទឹង៧៤ ម៉ែត្រ កម្ពស់៤៨ម៉ែត្រ។ជាន់ផ្ទាល់ដីមាន ចំណតរថយន្ត ជាង៥០០ចំណត និងទីធ្លាមុខអាគារអាចចតរថយន្ត បាន៣០០គ្រឿង។ ចំណែក នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួន ប្រមាណជា១ម៉ឺននាក់។
អគារនេះមានកម្ពស់៥ ជាន់ ដោយមានសាល បដិសណ្ឋារកិច្ច មានក្រឡាផ្ទៃប្រមាណ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាន នៅផ្នែកខាងត្បូងអាគារដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។
ជាងនេះទៅទៀត អគារគណបក្សប្រជាជនកម្ពុជាថ្មី ក៏បង្ហាញឲ្យឃើញពីភាពរឹងមាំ និងជានិមិត្ត រូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន និងទៅ អនាគតកាល៕
ដោយ ៖ អេង ប៊ូឆេង