Covid-19

ក្រសួងសុខាភិបាល ក្រេីនរំលឹក ដល់ពលរដ្ឋ ពីគម្លាតសុវត្ថិភាពសង្គម ខណៈករណីឆ្លងថ្មី មានលក្ខណ:រប៉េះរប៉ោះ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអំពាវនាវ ក៏ដូចជាក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការរកឃើញករណីឆ្លងថ្មី មានលក្ខណ: រប៉េះរប៉ោះ ធ្វើឲ្យពិបាកប៉ាន់ស្មាន ពីលទ្ធភាពចម្លង ។

តាមរយៈសេចក្ដីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ មានករណីឆ្លងវីរុសកូវីដ-១៩ថ្មី ១នាក់បន្ថែមទៀត ដែលរកឃើញលើអ្នកដំណើរ ដែលបានវិលត្រឡប់ មកពីប្រទេសបារាំង ឆ្លងកាត់តាមសាធារណរដ្ឋកូរ៉េ ជាករណីទី ១២៦។

លោកបន្តថា ការរកឃើញករណីឆ្លងថ្មី មានលក្ខណ:រប៉េះរប៉ោះដែលជាករណីនាំចូល នេះបង្ហាញពីស្ថានភាព ការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា មាន ការពិបាកប៉ាន់ស្មាន ពីលទ្ធភាព នៃការចម្លងវីរុសនេះ នៅក្នុងប្រទេស និងនៅតែជាហានិភ័យ សុខភាពសាធារណៈ ដែលតម្រូវឲ្យបុគ្គលគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការការពារ សុខភាពផ្ទាល់ខ្លួន ជាប់ជានិច្ច។

ទន្ទឹមនឹងការបន្ត រកឃើញករណីឆ្លងថ្មីនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួន បាន និងកំពុងតែចល័ត ដោយធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដើរ កំសាន្តនានា ឬក៏មានការជួបជុំគ្នា ការចម្លងវីរុស កូដវីដ-១៩។

លោកសង្កត់ធ្ងន់ថា ឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយម ជាមួយវីរុសកូវីដ១៩ បែបនេះ របស់ប្រជាពលរដ្ឋមួយចំនួន ជាហានិភ័យសុខភាពសាធារណៈ ដែលអាចនឹងកើតមានឡើង នូវការចម្លងមេរោគក្នុង ចំណោមក្រុមមនុស្ស នៅទី កន្លែងណាមួយ នៅពេលណាមួយ និងនៅកាល:ទេសណាមួយ ហើយដែលអាច ឈានទៅដល់ ស្ថានភាពនឹងអាចកើតមាននូវរលកទីពីរ នៃការចម្លង វីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ដើម្បីបញ្ចៀសពីហានិភ័យ ដែលពិបាកនឹងប៉ាន់ស្មានបាន នូវការកើតមានឡើង នូវរលកទីពីរនៃ ការចម្លងវីរុស ដ៏កាចសាហាវនេះ លោករដ្ឋមន្រ្តី បានធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូន សាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារ សុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តវិធានសាមញ្ញៗ មានដូចជាការរក្សា អនាម័យដៃស្អាត ជាប់ជានិច្ច ដោយលាងដៃ ប្រើទឹកស្អាត ជាមួយនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញាប់ ការប្រើប្រាស់ម៉ាស់ ក្នុងករណីចាំបាច់ និងកន្សែង ឬក្រមាំ ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អក រក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាត សុវត្ថិភាពសង្គម និងការរក្សាគម្លាភសុវត្ថិភាព បុគ្គលជាចាំបាច់ ទោះជានៅទីណាក៏ដោយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៦នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៧នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ៣នាក់ កំពុងសម្រាកព្យាបាល៕ ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top