ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា ៖ សម្ដេចតេជោ ជាគំរូដ៏ល្អ សម្រាប់ពិភពលោក ចំពោះវិធានការគ្រប់គ្រង ជំងឺកូវីដ១៩ បានយ៉ាងល្អ

ភ្នំពេញ៖ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រង ការរីករាលដាល ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដែលនេះជាគំរូមួយ សម្រាប់ពិភពលោក ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១១ មិថុនានេះ បានឲ្យដឹងថា នៅម៉ោង ៦៖៤៨នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់ ។

ក្នុងជំនួបតាមរស័ព្ទនេះដែរលោក ម៉ូឌី បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាមួយ សម្តេច ដែលជាមិត្តរបស់ឥណ្ឌា ក្នុងគ្រាដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងកូវីដ១៩ ។

នាយករដ្ឋមន្ត្រីឥណ្ឌា បញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក» ។

ជាកិច្ចឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្ត្រី ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ជីវិតពលរដ្ឋឥណ្ឌា ជាច្រើនដោយសារជំងឺនេះ។

សម្តេចតេជោ និងនាយករដ្ឋមន្ត្រីឥណ្ឌា បានអរគុណគ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរ ត្រលប់ទៅស្រុកវិញនៃពលរដ្ឋរៀងខ្លួន ដែលជាប់នៅប្រទេសមួយទៀត។ យន្តហោះ មួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន ៦០នាក់ពីឥណ្ឌាមកម្ពុជាវិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌា នឹងបានត្រលប់ទៅស្រុកវិញតាមជើងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប ២៨០នាក់។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្តារ ស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយ កូវីដ១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជា អន្តរជាតិកាន់តែខ្លាំងជាងមុន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយ នៃនយោបាយធ្វើសកម្មភាព ឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរអំពីតួនាទី អន្តរជាតិដ៏សំខាន់របស់ឥណ្ឌា ហើយក៏បានគាំទ្រដល់ ឥរិយាបថមនុស្សធម៌ និងសមត្ថភាពរបស់ឥណ្ឌា ក្នុងការផលិតថ្នាំពេទ្យ ដែលក្នុងរយៈពេល ២ខែចុងក្រោយនេះ បានផ្គត់ផ្គង់ថ្នាំ ជូនប្រទេសប្រមាណ១៣០។

ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹងសហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងការពេញចិត្ត ចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍ ប្រាសាទព្រះវិហារ របស់កម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសង្ឃឹម និងជូនពរប្រទេសទាំងពីរ ឆ្លងកាត់ដោយជោគជ័យ វិបត្តិដ៏ធ្ងន់ធ្ងរនេះ ឈរលើស្មារតីជួយគ្នាទៅវិញទៅមក ៕

ដោយ៖ ខា ដា

To Top