Covid-19

អភិបាលស្រុកកំពង់រោទិ៍ ប្រាប់ពលរដ្ឋឲ្យថែរក្សាសុខភាព និងបន្តប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩

ស្វាយរៀង៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ កុំភ្លេចធ្វើអនាម័យជាប្រចាំ និងបន្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតពាសពេញពិភពលោក ខណៈស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានៅតែមាន អ្នកឆ្លងថ្មីនៅឡើយ ហើយមិនត្រូវភ្លេចខ្លួននោះទេ។

ការថ្លែងរបស់លោក អភិបាលស្រុកកំពង់រោទិ៍បែបនេះ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ធ្វើឡើងនៅក្នុងពិធី ចែកអំណោយរបស់ សមាគមមនុស្សចាស់ជរានិងអភិវឌ្ឍន៍ កុមារវត្តកោះអណ្តែតនិងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី ៨៩ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៨៩គ្រូសារ ព្រមទាំងដាំកូនឈើក្រញួង ១០០ដើម ក្នុងវត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

លោក សុច ពិសី បានថ្លែងអំណរគុណចំពោះព្រះគ្រូ អ៊ុំ សុវណ្ណរិទ្ធ ចៅអធិការវត្តកោះអណ្តែត ដែលតែងតែយកចិត្តទុកដាក់ អំពីសុខទុកប្រជាពលរដ្ឋទីទល់ក្រ នៅក្នុងមូលដ្ឋានហើយបានកៀគរ សប្បុរសជនមកចែក អំណោយបានជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃនេះប្រជាពលរដ្ឋ ៨៩គ្រួសារ បានទទួលអំណោយពី សមាគមមនុស្សចាស់ជរា និងអភិវឌ្ឍន៍កុមាវត្តកោះអណ្តែត និងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី ៨៩ដែលជាការផ្តួចផ្តើមឡើង ដោយព្រះគ្រូចៅអធិការដោយផ្ទាល់។

លោកបានបន្តថា អំណោយទាំងនេះទោះបី មិនអាចដោះស្រាយបានទាំងស្រុង តែក៏អាចជួយសម្រួលក្នុង ជីវភាពប្រចាំបានមួយគ្រាដែរ ខណៈដែលប្រទេសកម្ពុជាយើង កំពុងមានការរាតត្បាតដោយសារជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋមិនសូវបានចាកចេញ ពីលំនៅដ្ឋានទៅរកការងារ ធ្វើដូច្នេះនាំឲ្យមានការខ្វះខាត។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរចរណ៍ ឲ្យខ្ជាប់ខ្ជួនចៀសឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទនិងប្រុងប្រយត្ន័ឲ្យ បានខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងត្រូវត្រៀមឧបករណ៍ធ្វើស្រែ ឲ្យបានគ្រប់គ្រាន់ដើម្បីបង្ករបង្កើន ស្រូវរដូវវស្សាឲ្យទាន់ពេលវេលា និងត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វបន្ថែមដើម្បី សម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។

បើតាមព្រះគ្រូ អ៊ុំ សុវណ្ណរិទ្ធ បានមានសង្ឃដិការថា សមាគមមនុស្សចាស់ និងអភិវឌ្ឍន៍កុមារដែលមានរូប ព្រះអង្គជាប្រធានគឺបង្កើតឡើង ដើម្បីជួយមនុស្សចាស់ជរា នៅក្នុងឃុំដែលសភាពខ្វះខាតជាចាំបាច់ និងបានចាត់ឲ្យលោកគ្រូអាចារ្យ ព្រះសង្ឃតែងតែនាំថវិការសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់ចាស់ជរា មានជំងឺ និងបណ្តាសពដែល នៅក្នុងឃុំថ្មីផងដែរ។

ព្រះគ្រូបានមានសង្ឃិការបញ្ជាក់ថា សមាគម៍ក៏បានបង្រៀនជា ភាសារអង់គ្លេស កុំព្យូទ័រដែលសរុបសិស្ស នៅដើមឆ្នាំ២០២០ ដែលបានមកសិក្សាដោយពុំមាន បង់ប្រាក់ដល់សមាគមមានចំនួន ២៣៤នាក់ ដោយមានការឧបត្ថម្ភពីលោក លឹម គឹមសេង អគ្គនាយកក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ធ្វើឲ្យសមាគមអាចដំណើរការ រហូតដល់សព្វថ្ងៃនេះបាន ក្នុងនោះបានផ្តល់ចំណេះដឹង ដល់សិក្សានុសិស្សនៅឃុំថ្មី ដែលជាឃុំជាប់ និងតំបន់ព្រំដែនដាច់ស្រយាល បានក្រៀបយកចំណេះវិជ្ជាដើម្បី ប្រតិបត្តិខ្លួនជាទំពាំងស្នងឬស្សី នៃប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា វត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍ គឺជាវត្តគំរូមួយនៅទូទាំងខេត្ត ដែលមានសមិទ្ធផលជាច្រើន ព្រមទាំងមានកន្លែងផ្តល់ចំណេះដឹង ដល់សិក្សានុសិស្សទៀតផង ហើយព្រះសង្ឃក្នុងវត្តបានដាំបន្លែ ដាំដើមឈើហូបផ្លែ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ចែកជូនពុទ្ធបរិស័ទចំណុះជើងវត្ត យកទៅស្លរស្លុកផងដែរ។

អំណោយដែលផ្តល់ ជូនគ្រួសារក្រីក្រទាំង ៨៩គ្រួសារ ក្នុងមួយគ្រួសារទទួលក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០kg មី ១កេស ទឹកត្រី ៥ដប ទឹកស៊ីអ៊ីវ ៣ដបទឹកដោះគោ ១កំប៉ុង ស្ករស កន្លះគីឡូ,តែ ២កញ្ចប់, ប្រេងឆា ១ដប, អំបិល ១កញ្ចប់,និងថវិកា ១០,០០០៛៕

To Top