DAP News
ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារ ជាមួយលោក មីន អ៊ុង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក មីន អ៊ុង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជននៅទីក្រុងប៉េកាំង ។

លោក Xi Jinping បានលើកឡើងថា ចិននិងមីយ៉ាន់ម៉ាមានចំណងមិត្តភាព ជាភាតរភាពដ៏ស៊ីជម្រៅ។ ក្នុងរយៈពេល ៧៦ ឆ្នាំ ចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានរួមគ្នាផ្តួចផ្តើមនិងអនុវត្តគោលការណ៍៥ខ ស្តីពីការរួមរស់នៅដោយសន្តិសហវិជ្ជមាន ដែលបង្កើតបានជាគំរូ នៃសមភាព ការផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកនិងឈ្នះ-ឈ្នះ រវាងប្រទេសនិងប្រទេស ។ ប្រទេសចិនតម្កល់ការអភិវឌ្ឍទំនាក់ទំនង ជាមួយមីយ៉ាន់ម៉ាក្នុងឋានៈចម្បងនៃកិច្ចការទូត ជាមួយប្រទេសជិតខាងរបស់ខ្លួន ។

ឆ្នាំនេះគឺជាការចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ប្រាំឆ្នាំទី១៥ របស់ប្រទេសចិន ប្រទេសចិនមានឆន្ទៈ ចែករំលែកបទពិសោធអភិវឌ្ឍន៍ របស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ក្នុងន័យរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-មីយ៉ាន់ម៉ា ដែលប្រកបដោយមិត្តភាពនិងទំនុកចិត្តផ្នែកនយោបាយ ការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ ការសម្របសម្រួលគ្នា និងជំរុញគ្នាទៅវិញ ទៅមកផ្នែកសន្តិសុខ ក៏ដូចជាការរួមបញ្ចូលគ្នា និងរៀនសូត្រពីគ្នាផ្នែកវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកកាន់តែច្រើន ដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ។

ជាការឆ្លើយតប លោកមីន អ៊ុង ឡាំង បានថ្លែងអំណរគុណ ចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រអស់កាលជាយូរមក និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ចំពោះការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងការផ្សះផ្សាជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានបញ្ជាក់ថា មីយ៉ាន់ម៉ា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ។ លោកបានកត់សម្គាល់ថា ការជំរុញការអនុវត្តផែនការប្រាំឆ្នាំទី១៥ របស់ប្រទេសចិនបានផ្តល់ជាឱកាសសំខាន់ សម្រាប់ប្រទេសជិតខាងនៅអាស៊ី ក្នុងនោះបូករួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ប្រទេសមីយ៉ាន់ម៉ារំពឹងទុកពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន និងរួមគ្នាកសាងច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន ដើម្បីលើកកម្ពស់កម្រិតពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

To Top