ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាម ២គ្រឿង ដែលជាជំនួយរបស់ចិន សម្អាតអនាម័យ តាមសួនច្បារ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ជាអំណោយរបស់ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។

ការងារសម្អាតធូលី ស្លឹកឈើ សំរាមនិងអនាម័យ នៅតាមផ្លូវសាធារណៈ តាមសួនច្បារ តាមទីផ្សារនានា ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ជាចម្បង ដើម្បីថែរក្សាអនាម័យ និងសុខមាលភាព ជូនប្រជាពលរដ្ឋ ក្នុងទីក្រុងផង និងដើម្បីសោភ័ណ្ឌភាព ទីក្រុងភ្នំពេញផង ដោយលោក បានចាត់ចែងដល់អង្គភាពជំនាញ ធ្វើកិច្ចការងារនេះដោយផ្ទាល់។

ពាក់ព័ន្ធការងារនេះ លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភំ្នពេញ មានប្រសាសន៍ឲ្យដឹងថា ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយ របស់ទីក្រុងណាននីង ប្រទេសចិន ដែលបានបញ្ជូនមក ឲ្យរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងណាននីង ផ្តល់បរិក្ខារពេទ្យមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ កាលពីប៉ុន្មានខែកន្លងមកនេះ។

លោកក៏បានបញ្ជាក់ទៀតថា ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់ សម្រាប់បោសសម្អាត នៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េ ក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ាស៊ីនបូមទាំងពីរនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី២៩មិថុនា ឆ្នាំ២០២០ យកមកធ្វើសកម្មភាព បូមសម្អាតនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់ រហូតដល់មុខវត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះ ពិតជាមានគុណភាព ដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹក សម្រាប់បាញ់ស្រោបនៅពេលកំពុង ប្រតិបត្តិការបូមធូលី។

លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនបូមមទាំងពីរនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ដែលមិនបង្កផលប៉ះពាល់បរិស្ថាន ហើយបើខណ្ឌមួយចំនួន ត្រូវការអាចយកទៅប្រើប្រាស់ នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕

To Top