ព័ត៌មានជាតិ

៦ខែកម្ពុជា​ នាំចេញអង្ករ ជិត៤០ម៉ឺនតោន

ភ្នំពេញ ៖ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជា នាំចេញអង្ករ សម្រេចបានចំនួន ៣៩៧,៦៦០តោន កើនឡើង១១៦,១២២ តោន ស្មើនឹង៤១.២៥ភាគរយបើ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានការកើនឡើង ២៨១,៥៣៨តោន ។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងក សិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។

ប្រភពដដែលបន្ថែមថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ មានកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយ:ដូចគ្នា ឆ្នាំ២០១៩ ក្នុងនោះ សហភាពអឺរ៉ុប មានការកើនឡើងចំនួន ៤៥.១៩%, ប្រទេសចិនកើនចំនួន២៥.២០%, បណ្តាប្រទេសសមាជិកអាស៊ាន កើនចំនួន៤៧.៦៩% និងគោលដៅដទៃទៀត បានកើនឡើងចំនួន ៧៩.២៦%។

ជាមួយគ្នានេះ សម្រាប់ខែមិថុនា ឆ្នាំ២០២០ ក៏បានសម្រេចការនាំចេញអង្ករ ចំនួន៤១,៥៦៣តោន កើនឡើងចំនួន ១០,១៩៧តោន ស្មើនឹង ៣២.៥១% ធៀបនឹងខែឧសភា ឆ្នាំ២០១៩។

សម្រាប់ប្រទេស ដែលបានបញ្ជាទិញអង្ករ មានចំនួន៥៦ប្រទេស ។ ក្នុងនោះសហភាពអឺរ៉ុបមាន ប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិក អាស៊ានចំនួន ៦ និងនៅទ្វីបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះក៏មាន ក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុនបាន នាំចេញអង្ករច្រើន ជាងគេផងដែរ៕ ដោយ៖ធី លីថូ

To Top